និស្សិតនិងពលរដ្ឋខ្មែរនៅអ៊ីស្រាអែលមានសុវត្ថិភាពក្រោមការយកចិត្តទុកដាក់ជាប្រចាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអោយដឹងថា រហូតមកទល់ពេលនេះ និស្សិតនិងពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែលមានសុវត្តិភាពទាំងអស់គ្នាក្រោមការសម្របសម្រួលដោយយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត។

លោក ប៉ែន បូណា បានប្រាប់ឲ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានតាមដានជាប្រចាំអំពីសុខទុក្ខរបស់បងប្អូនខ្មែរនៅទីនោះមិនថាពេលយប់ឬពេលថ្ងៃឡើយ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ទៀតថា សម្តេចធិបតីបានយកចិត្តទុកដាក់គ្រប់បែបយ៉ាង ជាពិសេសលើសុវត្ថិភាពដោយសម្តេចបានណែនាំឱ្យសេនាធិការទាំងអស់ប្រើប្រាស់គ្រប់លទ្ធភាពដើម្បីសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែលធ្វើយ៉ាងណាឱ្យពលរដ្ឋខ្មែរទាំងអស់បានចៀសចេញពីតំបន់គ្រោះថ្នាក់ហើយស្ថិតនៅក្នុងតំបន់សុវត្ថិភាពដោយចាត់ទុកថា នេះជាកិច្ចការអាទិភាពខ្ពស់បំផុត។

លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រីក៏យកចិត្តទុកដាក់លើជីភាពប្រចាំថ្ងៃរបស់ពួកគេផងដែរដើម្បីប្រាកដថា ទាំងអស់គ្នាមានចំណីអាហារនិងទឹក ព្រមទាំងសម្ភារៈចាំបាច់មួយចំនួនទៀតដែលបម្រើឱ្យជីវភាពប្រចាំថ្ងៃ។

សូមបញ្ជាក់ជូនថា មានពលរដ្ឋខ្មែរនិងនិស្សិតដែលកំពុងធ្វើការ និងសិក្សានៅប្រទេសអ៊ីស្រាអែលសរុបប្រមាណជា ៤៥០ នាក់ ក្នុងនោះមាននិស្សិតម្នាក់ឈ្មោះ ចាន់ ឧត្តម បានទទួលមរណៈភាពកាលពីថ្ងៃទី ៧តុលា ដោយទទួលរងគ្រោះពីការប្រយុទ្ធគ្នាដោយអាវុធរវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់។ ពិធីរៀបចំបុណ្យសពគឺជាបន្ទុករបស់រាជរដ្ឋាភិបាល។
ក្រៅពីនោះ អ្នកផ្សេងទៀតសុទ្ធតែមានសុវត្ថិភាពទាំងអស់។

រាជរដ្ឋាភិបាលសូមអំពាវនាវដោយទទូចសូមឱ្យពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែលគោរពឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់អាជ្ញាធរម្ចាស់ប្រទេសដើម្បីធានាសុវត្ថិភាព និងសូមឱ្យពួកគេមានលំនឹងក្នុងចិត្តចំពោះការយកចិត្តទុកដាក់ជាប្រចាំពីរាជរដ្ឋាភិបាល ដោយសហការណ៍យ៉ាងល្អជាមួយរដ្ឋាភិបាល អ៊ីស្រាអែល៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds