ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ស្លា.ប់អស់១.១០០នាក់ហើយ
អ៉ីស្រាអែល ការវាយប្រហារលើតំបន់ហ្កាហ្សាប៉ាឡេស្ទីន បានសម្លាប់ មនុស្សរាប់រយនាក់ ជាការសងសឹកទៅនឹងការវាយប្រហារដ៏បង្ហូរឈាមមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដែលក្រុមហាម៉ាស់ (Hamas) បានសម្លាប់ ជនជាតិអ៉ីស្រាអែលជាង ៧០០នាក់ និងចាប់មនុស្សជាច្រើននាក់ធ្វើជាចំណាប់ខ្មាំង។
ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣ បានអោយដឹងថា ក្រុម Hamas កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានបាញ់ស្រោចមីស៉ីលរាប់ពាន់គ្រាប់ ហើយបញ្ជូនជនសកម្មប្រយុទ្ធរបស់ខ្លួន ឆ្លងព្រំដែនដើម្បីវាយប្រហារ អ៉ីស្រាអែលដោយផ្ទាល់ ហើយនេះគឺជាការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មាន គិតចាប់តាំងពីអេហ្ស៉ីប និងស៉ីរីបានបើកការវាយប្រហារលើអ៉ីស្រាអែល នៅក្នុងសង្រ្គាម Yom Kippur កាលពី៥០ឆ្នាំមុន។
អ៉ីស្រាអែលបានបើកការវាយប្រហារលើតាមផ្លូវអាកាសលើអគារ វិហារ និងផ្ទះរបស់ក្រុមមន្ត្រីហាម៉ាស់នៅក្នុងតំបន់ងហ្កាហ្សា ដោយបាន សម្លាប់មនុស្សច្រើនជាង ៤០០នាក់ ក្នុងនោះមានទាំងកុមារ ២០នាក់។ ចំណែក អាជ្ញាធរអ៉ីស្រាអែលវិញមិនទាន់បានបញ្ចេញតួលេខផ្លូវការ នៅឡើយទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍មនុស្សយ៉ាងហោច ៧០០នាក់ ក្នុងនោះមានទាំងកុមារបានស្លាប់នៅក្នុងការវាយប្រហារ របស់ក្រុមហាម៉ាស់។ មួយវិញទៀត អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន ក៏បានទទួលស្គាល់ដែរថាមានពលរដ្ឋអាមេរិកជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុង ការវាយប្រហាររបស់ក្រុមហាម៉ាស់ និងកំពុងតាមដានស្ថានការណ៍យកចិត្តទុកដាក់ជាមួយការសន្យាផ្ដល់ការគាំទ្រដល់អ៉ីស្រាអែល៕