សង្គ្រាមអ៉ីស្រាអែល៖ និស្សិតខ្មែរនៅអ៉ីស្រាអែលមួយចំនួនកំពុងរស់នៅជិតតំបន់ Gana
អ៉ីស្រាអែល៖ ក្រុមសកម្មប្រយុទ្ធហាម៉ាសដែលកំពុងកាន់អំណាចនៅតំបន់ហ្គាហ្សាស្ទ្រីបបានធ្វើការវាយប្រហារទ្រង់ទ្រាយធំ ដែលការវាយប្រហារនេះ មិនធ្លាប់មានពីមុនទេ ដោយបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់ ស្ថានភាពកំពុងកើតមាននៅអុីស្រាអែល ដែលក្នុងនោះក៏មាននិស្សិតកម្មសិក្សាកសិកម្មកម្ពុជាយើងនៅទីនោះប្រមាណ ២០០នាក់ ខណៈនិស្សិតមួយចំនួនរស់នៅជិតតំបន់ Gana អំពាវនាវអោយរដ្ឋាភិបាលកម្ពុជា តាមដានសុខទុក្ខ និងសម្របសម្រួលក្នុងករណីចាំបាច់ណាមួយ។
និស្សិតខ្មែរ ណល់ រតនា រួមនិស្សិតខ្មែរទាំង១៦នាក់ នៅតំបន់ Ashkelon ដែលមានចម្ងាយតែ ១៦ គីឡូម៉ែត្រពីតំបន់ Gaza ហើយជាតំបន់ដែលទទួលរងគ្រាប់ផ្លោងច្រើនបំផុតដែរ។ ស្ថានភាពព្រឹកមិញនេះ គឺមានការផ្លោងរ៉ូកែតជាច្រើនលើកចូលមកដែនអាកាសអុីស្រាអែល ដែលភាគច្រើនផ្លោងចេញមកពីតំបន់ Gaza ដែលជាមូលដ្ឋានក្រុម Hamas។ ស្ថានភាពកាន់តែអាក្រក់នោះគឺ សមាជិកក្រុមឧទ្ទាម Hamas បានបន្លំខ្លួនចូលមកក្នុងក្រុងមួយចំនួនរបស់អុីស្រាអែល និងបង្កចលាចល ដោយការបាញ់បោះ និងបំផ្ទុះរថយន្តជាដើម ជាហេតុដែលស្ថានការណ៍មកទល់ពេលនេះគឺ ពិបាកក្នុងការគ្រប់គ្រងសុវត្ថិភាព។
តាមសេចក្ដីប្រកាសជាផ្លូវការរបស់នាយករដ្ឋមន្រ្តីអុីស្រាអែល រសៀលនេះ បានបញ្ជាក់ថា អុីស្រាអ៊ែលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ពីស្ថានភាពសង្រ្គាម និងអសន្តិសុខ។ ដោយឡែកសារព័ត៌មានថៃ ក៏បានផ្សាយថា នាយករដ្ឋមន្រ្តីថៃកំពុងយកចិត្តទុកដាក់ និងធ្វើការជាមួយក្រសួងការណ៍បរទេស ដើម្បីធានាសុវត្ដិភាព ឬជំលៀសប្រជាជនថៃដែលរស់នៅទីនោះក្នុងករណីចាំបាច់។ យ៉ាងណាបច្ចុប្បន្ននោះកម្ពុជាក៏មាននិស្សិតកម្មសិក្សាកសិកម្មប្រមាណ ២០០នាក់ នៅក្នុងប្រទេសអុីស្រាអ៊ែល ។ ជាមួយគ្នានេះដែរ ក្រុមនិស្សិតអំពាវនាវអោយថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ដើម្បីតាមដានសុខទុក្ខ និងសម្របសម្រួលក្នុងករណីចាំបាច់ណាមួយ របស់និស្សិតកម្ពុជាយើង។ ខណៈអជ្ញាធរអ៉ីស្រាអែល ណែនាំមិនអោយពួកគេចេញក្រៅផងដែរ៕