រដ្ឋមន្ត្រីព័ត៌មាន អំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គម កុំបន្តចែករំលែក និងផ្សព្វផ្សាយនូវរូបភាពហិង្សា និងឃាតកម្ម
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា អំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គម កុំបន្តចែករំលែក និងផ្សព្វផ្សាយនូវរូបភាពហិង្សា និងឃាតកម្ម ព្រោះនឹងបានប៉ះពាល់ដល់ផ្លូវចិត្ត និងសតិអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះ និងបងប្អូនប្រជាពលរដ្ឋផ្សេងទៀត។
សរសេរនៅក្នុងទំព័រហ្វេសបុករបស់ឯកឧត្តម នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានអោយដឹងថា «នៅប៉ុន្មានថ្ងៃនេះ សង្កេតឃើញថាមានការចែករំលែកនិងផ្សព្វផ្សាយរូបភាពហិង្សា និងឃាតកម្មនៅតាមហ្វេសប៊ុក តិកតុក ប្រព័ន្ធទំនាក់ទំនងតេឡេក្រាម និងបណ្តាញសង្គមផ្សេងទៀត, សូមបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទកុំបន្តចែករំលែកនិងផ្សព្វផ្សាយនូវរូបភាពទាំងនោះ ព្រោះវាបានប៉ះពាល់ដល់ដល់ផ្លូវចិត្តនិងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែរងនូវភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសាររបស់ខ្លួន និងក៏បានប៉ះពាល់ដល់ផ្លូវចិត្តនិងសតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋផ្សេងៗផងដែរទៀត»។
ឯកឧត្តម នេត្រ ភក្ត្រា បន្តថា ចំពោះបងប្អូនអ្នកសារព័ត៌មាន សូមគោរពគោលការណ៍នៃក្រមសីលធម៌ដែលចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន គឺហាមបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាស និងរូបភាពនៃអំពើហិង្សា។ ដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះនិងជនរងគ្រោះ បងប្អូនអាចចែករំលែករូបភាពដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល័រ (រូបមិនច្បាស់) មុននឹងផ្សព្វផ្សាយ និងចែករំលែក។ ធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពដល់ជនរងគ្រោះផង!៕