ភ្ញាក់ផ្អើល!Yudai Ogawaចូលសញ្ជាតិកម្ពុជានិងត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ
កីឡាករខ្សែបម្រើដើមកំណើតជប៉ុន Yudai Ogawa បានសម្រេចចិត្តចូលជាសញ្ជាតិកម្ពុជា បន្ទាប់ពីរូបគេបានប្រកបអាជីពបាល់ទាត់នៅកម្ពុជាអស់ជាច្រើនឆ្នាំ។ ជាពិសេសខ្សែបម្រើដើមកំណើតជប៉ុនរូបនេះ ក៏ថែមទាំងត្រូវបានកោះហៅឱ្យចូលលេងក្នុងក្រុមជម្រើសជាតិគោព្រៃកម្ពុជាផងដែរ។ Yudai Ogawa នឹងពាក់អាវលេខ៦នៅក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ។
សូមជម្រាបថា មុនចូលរួមជាមួយភ្នំពេញក្រោនខ្សែបម្រើវ័យ២៤ឆ្នាំរូបនេះធ្លាប់លងឲ្យក្លិបធំៗចំនួនពីរនៅកម្ពុជា។ ក្នុងនោះរូបគេបានចុះកិច្ចសន្យាលេងក្លិបមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទនៅឆ្នាំ២០១៨ មុនផ្ទេរទៅកាន់ក្លិបអង្គរថាយហ្គឺរនៅឆ្នាំ២០១៩ និង២០២០។ យ៉ាងណា មុនមកប្រកបអាជីពបាល់ទាត់នៅកម្ពុជា កីឡាករកម្ពស់១.៧៤ម៉ែត្ររូបនេះ ធ្លាប់លេងក្លិបក្របខណ្ឌទី៣របស់ជប៉ុន Gifu FC និងក្លិបក្របខណ្ឌទីពីររបស់ប៉ូឡូញ Widzew Lodz៕