បើកដំណើរការសាកល្បង!ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរទទួលជើងហោះហើរចំនួន៣

(ខេត្តសៀមរាប)៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ បានបើកដំណើរការសាកល្បងដើម្បីទទួលជើងហោះហើរមិនមែនជាលក្ខណៈពាណិជ្ជកម្ម ដោយទទួលបានជើងហោះហើរចំនួនបីព្រមគ្នាតែម្ដងក្នុងរយៈពេលមួយម៉ោង ក្នុងនោះជើងហោះហើរចំនួន២ ជាជើងហោះហើរក្នុងស្រុក និងមួយទៀត ជាជើងហោះហើរមកពីប្រទេសចិន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ក្រុមហ៊ុនអាកាសចរណ៍ទាំងបី ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទទួលបាន រួមមាន៖ ទី១.ក្រុមហ៊ុនSky Angkor Airline ហោះមកពីអាកាសយានដា្ឋនអន្តរជាតិភ្នំពេញ ទី២. ក្រុមហ៊ុនCambodia Airways ហោះមកពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ និងទី៣.ក្រុមហ៊ុនChina Eastern Airlines ហោះមកពីអាកាសយានដ្ឋានអន្តរជាតិគុនមីងប្រទេសចិន។ យ៉ាងណា បើតាមលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបញ្ជាក់ថា ចំពោះលទ្ធផលនៃការសាកល្បងទទួលជើងហោះហើរមិនមែនពាណិជ្ជកម្មរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលគូសបញ្ជាក់ថា ដំណើរការសាកល្បងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីធានាថា អាកាសយានដ្ឋានដ៏ថ្មីស្រឡាងនេះ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នផ្នែកបច្ចេកទេស និងការផ្ដល់សេវាកម្មផ្ទៃដី ស្របតាមស្តង់ដាអន្តរជាតិចែងដោយអង្គការអាកាសចរស៊ីវិលអន្តរជាតិ(International Civil Aviation Organization-ICAO) និងបទប្បញ្ញត្តិរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុននឹងចាប់ផ្ដើមដំណើរការទទួលជើងហោះហើរជាតិ និងអន្តរជាតិជាច្រើន ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខតទៅ។

រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីស្រឡាង ដែលនឹងចូលរួមចំណែកពង្រឹង និងពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសពីកម្ពុជាទៅកាន់តំបន់ឆ្ងាយៗ និងក្នុងតំបន់។ ជាក់ស្ដែង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរអាចមានលទ្ធភាពអនុញ្ញាតឱ្យអាកាសយានធុនមធ្យម និងធំចុះចត និងហោះហើរបាន ដូចជា៖ យន្តហោះប្រភេទ Airbus 350 Airbus 330 Boeing 787-900ជាដើម ដោយសារអាកាសយានដ្ឋានអន្តរជាតិសៀមបច្ចុប្បន្ន មិនអាចទទួលបាន ព្រោះទីតាំងស្ថិតនៅជិតនិងតំបន់បេតិកភណ្ឌអន្តរជាតិអង្គរពេក។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សាងសង់លើផ្ទៃដីប្រមាណ ៧០០ហិកតា ស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ ដែលចម្ងាយនេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់តំបន់ការពារបេតិកភណ្ឌនោះទេ។ អាកាសយានដ្ឋានកម្រិតស្តង់ដារអន្តជាតិនេះ សាងសង់ក្រោមទុនវិនិយោគប្រមាណ១,១០០លានដុល្លារអាមេរិក មានចំណតយន្តហោះចំនួន៣៨ចំណត អាចទទួលអ្នកដំណើរតាមផ្លូវអាកាស៧លាននាក់ ក្នុងឆ្នាំ២០២៤ និង១២លានក្នុងឆ្នាំ២០៤០ខាងមុខ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបាន១ម៉ឺនតោនក្នុងឆ្នាំ២០២៤ និង២៦,០០០តោនក្នងឆ្នាំ២០៤០ខាងមុខ ហើយអាចទទួលជើងហោះហើរចំនួន៦៥,៨០០ជើងក្នុងឆ្នាំ២០២៤ និង១១២,៧០០ជើងនៅឆ្នាំ២០៤០។ នេះបើតាមការបញ្ជាក់របស់លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds