ឥណ្ឌាគ្រោងនឹងដំណើរការជើងហោះហើរត្រង់ជាមួយកម្ពុជានៅចុងខែនេះ
កម្ពុជានិងឥណ្ឌានឹងចាប់ផ្ដើមដំណើរការជើងហោះហើរត្រង់ទៅវិញទៅមក នៅចុងខែតុលា ឆ្នាំ២០២៣នេះ ដែលនឹងជួយជំរុញឱ្យសក្តានុពលនៃវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ក៏ដូចជាវិស័យពាក់ព័ន្ធផ្សេងទៀតឱ្យកាន់តែមានសន្ទុះខ្លាំងក្លាឡើង។ ការបង្ហើបអំពីគម្រោងហោះហើរត្រង់រវាងកម្ពុជានិងឥណ្ឌានេះ ធ្វើឡើងតាមរយៈពិភាក្សាការងាររវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយនិងលោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅថ្ងៃទី០៤ ខែតុលា។
លោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានលើកឡើងថា៖ ពាក់ព័ន្ធនឹងកិច្ចវិស័យពាណិជ្ជកម្ម គឺកម្ពុជានិងឥណ្ឌាកំពុងចរចាលើកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មទ្វេភាគី ក្នុងពេលបច្ចុប្បន្ន ហើយទៅថ្ងៃអនាគត នឹងព្រមទាំងមានការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមទៀត ។ ជាពិសេស ឥណ្ឌាក៏គ្រោងនឹងពង្រីកវិសាលភាពលើវិស័យបច្ចេកវិទ្យា សម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
មិនតែប៉ុណ្ណោះ កម្ពុជានិងឥណ្ឌាក៏ថែមទាំងកំពុងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរផងដែរ ជាក់ស្ដែង វឌ្ឍនភាពលូតលាស់គួរឱ្យកត់សម្គាល់ ដូចដែលស្តែងឡើងតាមរយៈការចុះអនុស្សារណៈនៃការយោគយល់រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ និងការរៀបចំការហ្វឹកហ្វឺនរួមគ្នា។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlinesរបស់កម្ពុជាបានប្រកាសថាខ្លួននឹងបើកជើងហោះហើរត្រង់ពីខេត្តសៀមរាបទៅកាន់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង) នៅចុងឆ្នាំនេះ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរកូរ៉េមកកម្ពុជា។ ការហោះហើរត្រង់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Incheon ទីក្រុងសេអ៊ូល នឹងចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០២៣៕