អភិបាលក្រុង ហាមមិនយរថយន្តដឹកទំនិញធំៗ ធ្វើចរាចរណ៍ចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១
ភ្នំពេញ៖ ថ្លែងក្នុងប្រជុំស្តីពី ការងារការពារសន្តិសុខ សុវត្ថិភាព ជូនប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ អភិបាលរាជធានីភ្នំពេញ បានបញ្ជាដាច់ខាតមិនឱ្យរថយន្តដឹកទំនិញធំៗ ធ្វើចរាចរណ៍ចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១ឡើយ ពិសេសចាប់ពី សង្កាត់និរោធទី៣ រហូតដល់ស្ពានច្បារអំពៅ ខណ្ឌច្បារអំពៅ។
ការដាក់បទបញ្ជាររបស់លោក ឃួង ស្រេង ក្រោយតម្រាយផ្លូវនេះ មានការកកស្ទះចរាចរណ៍ខ្លាំង ដោយសារការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដែលជាស្ពានអាកាសមួយមានរង្វង់មូល លើអាកាស បាននឹងកំពុងដំណើរការសាងសង់ យ៉ាងមមាញឹក ហើយបង្កការកកស្ទះចរាចរណ៍រាល់ថ្ងៃ។
លោកថា«កំណាត់ផ្លូវជាតិលេខ១ កាលពីមិនទាន់មាន បើកការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស គឺមានការកកស្ទះចរាចរណ៍រួចទៅហើយ តែនៅពេលការដ្ឋាននេះ ចាប់ផ្តើមដំណើរការ កំណាត់ផ្លូវមួយនេះកាន់តែស្ទះខ្លាំងឡើងថែមទៀត។ ដូច្នេះហើយ ទើបជាបន្តបន្ទាប់មកនេះ អាជ្ញាធររាជធានីភ្នំពេញ តែងតែប្រជុំ ពិភាក្សា រកដំណោះស្រាយ ដើម្បីកាត់បន្ថយការកកស្ទះ ពិសេសនៅរង្វង់មូលក្បាលថ្នាល់ និងនៅមុខក្រសួងមហាផ្ទៃ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការកកស្ទះ នៅតែបន្តកើតមាន ហើយនគរបាលក៏នៅតែបន្តការដោះស្រាយ»។
លោកឃួង ស្រេង បានបន្ថែមថា ទោះបីការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សនេះ បានបញ្ចប់ ក៏ទីតាំងនេះ នៅតែប្រឈមនៃការបញ្ហាកកស្ទះដដែរទេ ព្រោះតែលំហូរចរាចរណ៍ខ្លាំងពីផ្លូវជាតិលេខ១។ ជុំវិញបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងខ្លាំង ដោយបានសាងសង់ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ស្ថិតក្នុង ខណ្ឌច្បារអំពៅ និងខណ្ឌចំការមន ជាមួយនឹងមានគម្រោងសាងសង់ស្ពានឆ្លងទន្លេ២កន្លែងទៀត ឆ្លងពីព្រែកប្រា ឆ្លងទៅផ្លូវជាតិលេខ២ ទៅផ្លូវ៦០ម៉ែត្រ តំបន់អភិវឌ្ឍន៍ជើងឯក ។ ជាមួយគ្នានេះដែរលោក ឃួង ស្រេង បានដាក់ការសង្ឃឹមថា ក្រោយស្ពាន២នេះស្ថាបនារួចរាល់ ទើបតំបន់ខាងលើនេះ អាចដោះស្រាយបានល្អប្រសើរ លែងមានការកកស្ទះចរាចរណ៍ទៀត៕