WBរក្សាការព្យាករថាកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះថេរក្នុងរង្វង់៥,៥%ដដែល

ធនាគារពិភពលោក (WB)​ បាន​រក្សា​ការ​ព្យាករ​កំ​​ណើ​ន​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅក្នុង​ឆ្នាំ​២០២៣នេះ​ ថេរនៅ​ក្នុងរង្វង់​ ៥,៥​ភាគរយ បើទោះបី​ជាកម្ពុជាជួប​ឧបសគ្គ​ពី​ខាងក្រៅក៏ដោយ។ ធនាគារពិភពលោកអះអាងថា កំណើន​សេដ្ឋកិច្ចកម្ពុជា​នៅតែ​ទទួលបាន​សន្ទុះ​ដែល​គាំទ្រ​ដោយ​ការ​ស្ទុះ​ងើបឡើង​វិញ ​បន្ទាប់ពីវិបត្តិ​ជំងឺ​កូ​វីដ-១៩ ជាពិសេសការងើបឡើងនូវ​វិស័យ​សេវាកម្ម និង​វិស័យ​ទេសចរណ៍​​។​

ការ​ព្យាករ​របស់ធនាគារពិភពលោកនេះ គឺ​ខ្ពស់ជាងការព្យាកររបស់​ធនាគារ​អភិវឌ្ឍន៍​​អាស៊ី ​(ADB) ដែលបង្ហាញតាមរយៈរបាយការណ៍ កាលពី​ថ្ងៃទី​២០កញ្ញា ដោយធនាគារអភិវឌ្ឍន៍អាស៊ីបាន​បន្ទាប​ការ​ព្យាករ​របស់ខ្លួន​ពី​ ៥,៥​ភាគរយ ​មក​ត្រឹម ៥,៣​ភាគរយ ព្រោះដោយសារមើលឃើញថា កំណើន​ឧស្សាហកម្ម​របស់កម្ពុជាយឺត​ជាង​ការរំពឹងទុក​នៅ​ក្នុងឆមាស​ទី១។

ធនាគារពិភពលោកបានព្យាករទៀតថា សម្រាប់​ឆ្នាំ​២០២៤ខាងមុខ សេដ្ឋកិច្ចកម្ពុជា​ត្រូវរំពឹងថា នឹង​កើនឡើង​បន្ថែមទៀត​ដោយ​កើនឡើង​ក្នុង​រង្វង់ ៦,១​ភាគរយ ដោយសារ​ការនាំចេញ​នឹងអាច​កើនឡើង បូករួមទាំង​ការធ្វើ​ពិពិធ​កម្ម​បន្តិច​ម្តងៗ ស្របពេល​លំហូរ​ការវិនិយោគ​ផ្ទាល់​បរទេស ​(FDI)​ ទំនងជា​នឹងត្រូវ​បាន​ជំរុញ​ដោយ​ច្បាប់​ថ្មី​ស្តីពី​ការវិនិយោគ​។

​លោក Aaditya Mattoo ប្រធាន​សេដ្ឋវិទូ​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ខាងកើតរបស់ធនាគារពិភពលោក(WB) បានលើកឡើង​ថា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ​(RCEP)​ បាន​ជួយ​បង្កើត​ការ​ព្យាករ​នេះ ដោយ​ផ្តល់​លទ្ធ​​ភាព​ចូល​ទីផ្សារ​កាន់តែច្រើន និង​ជួយ​ជំរុញ​កំណែទម្រង់​មួយចំនួន​ក្នុង​គោលនយោបាយ​ផ្ទាល់ខ្លួន​របស់​កម្ពុជា។ ប្រការនេះ​​នឹង​ជួយ​បង្កើន​ពាណិជ្ជ​កម្ម​ថ្មី និង​លំហូរ​វិនិយោគ​ថ្មី​ក្នុង​គោលដៅ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ការនាំចេញ​របស់កម្ពុជា ដែល​ពឹងផ្អែក​ខ្លាំង​លើផលិតផល​សម្លៀកបំពាក់​រហូតមក​ដល់ពេលនេះ​។​

​របាយការណ៍រ​បស់​ធនាគារពិភពលោកបង្ហាញថា កម្ពុជាបានធ្លាក់ចុះការ​​នាំចេញ​ទំនិញ​ដោយសារតម្រូវការពីទីផ្សារក្រៅប្រទេស​ក៏ធ្លាក់ចុះ តែទន្ទឹមគ្នា ​ការ​នាំចេញ​សេវា​កម្មបាន​ស្ទុះ​ងើបឡើង​វិញ​។ ជាក់ស្ដែង ក្នុង​រយៈពេល៧​ខែ​ ក្នុង​ឆ្នាំ​២០២៣នេះ កម្ពុជាទទួលបាន​ភ្ញៀវ​ទេសចរអន្តរជាតិ​កើន​ដល់ ៣​លាន​នាក់ ដែលតួលេខនេះមានការកើនឡើងជាងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds