សិស្សានុសិស្សជាង១លាន ២សែននាក់ បានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

កំពង់ឆ្នាំង៖ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក បាននឹងកំពុងទទួលការគាំទ្រ ពីប្រជាពលរដ្ឋ ខណៈដែលក្នុងរយៈពេល ១០០ថ្ងៃដំបូង រយៈពេល១ខែ មានសិស្សានុសិស្សជាង១លាន ២សែននាក់ បានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

ថ្លែងក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា« គិតត្រឹមថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ ពោលគឺក្នុងរយៈពេលជិត១ខែនេះ គឺមានសិស្សានុសិស្ស ចំនួនជិតមួយលាននាក់ នៃសាលារៀនចំនួនជាង ៩០០០នៅរាជធានី-ខេត្តចំនួន២០ បានស្ម័គ្រចិត្ត ចូលរួម អនុវត្តយុទ្ធនាការនេះ»

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្ថែមថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនេះ បាននឹងកំពុងទទួលការគាំទ្រ និងការចូលរួម អនុវត្តពីគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ នៃរាជធានីខេត្តមួយចំនួនជាបន្តបន្ទាប់។

លោក អ៊ាង សុផល្លែត បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៣ ខែកញ្ញា វិស័យឯកជនមួយចំនួន ជាពិសេសរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១៥ ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តស្វាយរៀង ដែលមានកម្មករជាង ៧,៥០០នាក់ ក៏បានចាប់ផ្តើមស្ម័គ្រចិត្តចូលរួមជាមួយក្រសួង បរិស្ថាន ក្នុងការអនុវត្តយុទ្ធនាការ មិនប្រើប្រាស់ថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃ ក្នុង១ សប្តាហ៍។

ការចូលរួមអនុវត្តយុទ្ធនាការនាថ្ងៃនេះ គឺជាសក្ខីភាពនៃការគាំទ្រ និងការជំរុញអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដែលបានចាត់ទុកការកែទម្រង់ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាការងារ អាទិភាពមួយក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាល ហើយបានដាក់បញ្ចូលនូវក្របខណ្ឌការងាររបស់ក្រសួងបរិស្ថានចំនួន៥ រួមមាន៖ ការកាត់បន្ថយការបំពុលបរិស្ថាន, ការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ, ការអប់រំផ្សព្វផ្សាយបរិស្ថាននិងការប្រែប្រួលអាកាសធាតុ, ទំនើបកម្មរដ្ឋបាល និងហិរញ្ញវត្ថុ ប្រកបដោយចីរភាព, និងការលើកកម្ពស់ការទូតបៃតង។ នេះជាការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត។

ដើម្បីឈានទៅសម្រេចបាននូវក្របខណ្ឌការងារទាំង៥នេះ ក្រសួងបរិស្ថានបានដាក់ចេញនូវការងារអាទិភាពចំនួន៣ ដែលត្រូវជំរុញ ក្នុងរយៈពេល ១០០ថ្ងៃដំបូងរួមមានទី១៖ ការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិកទី២៖ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលយកចិត្តទុកជាសំខាន់ គឺជំរុញការបណ្តុះ និងដាំកូនឈើសំដៅបង្កើនគម្របព្រៃឱ្យដល់៦០% នៅឆ្នាំ២០៥០ និងទី៣៖ ការបង្កើនទេសចរណ៍ធម្មជាតិ និងលើកកម្ពស់ ជីវភាពសហគមន៍មូលដ្ឋាន សំដៅធានាបាននូវសហគមន៍ចីរភាព និងអព្យាក្រឹត្យកាបូន។

សូមបញ្ជាក់ថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានរៀបចំដំបូងនៅតាមសាលារៀន ទូទាំងស្រុកចំនួន៤៤ នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងមានលោកគ្រូ អ្នកគ្រូ សរុបចំនួន ៥៤៩នាក់ ស្រី ២៦៣នាក់ និងសិស្សានុសិស្សសរុប ១៨,៧៣៥នាក់ ស្រី ៩,៣៥៣នាក់។ មកដល់ថ្ងៃនេះ យុទ្ធនាការនេះ បាននិងកំពុងអនុវត្តជាបន្តបន្ទាប់នៅតាមសាលារៀនគ្រប់រាជធានី ខេត្ត និងរោងចក្រ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds