ក្រសួងបរិស្ថាន ចុះ MOU ជាមួយកាកបាទក្រហម និងរដ្ឋបាលខេត្តចំនួន៣ ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
(កំពង់ឆ្នាំង)៖ ក្រសួងបរិស្ថាន សហការជាមួយកាកបាទក្រហមកម្ពុជា រដ្ឋបាលខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងខេត្តពោធិ៍សាត់ ចុះអនុស្សរណៈយោគយល់ និងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅគ្រប់សាលាទូទាំង ខេត្តកំពង់ឆ្នាំង។
ថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល ជាមួយកាកបាទក្រហមកម្ពុជា រដ្ឋបាលខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងខេត្តពោធិ៍សាត់ និងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅខេត្តកំពង់ឆ្នាំង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអោយដឹងថា ដើម្បីឆ្លើយតបនឹងកំណើនខ្លាំងនៃការប្រើប្រាស់សម្ភារប្លាស្ទិក ពិសេសថង់ប្លាស្ទិក នាពេលកន្លងមកនេះ ក្រសួងបរិស្ថានដោយមានកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ បានដាក់ចេញវិធានការនានា ដូចជា ការបង្កើនអាករពិសេសលើការនាំចូលផលិតផល និងសម្ភារប្លាស្ទិកពី ៧% ទៅ១០% និងការគិតថ្លៃថង់ប្លាស្ទិក(៤០០រៀលក្នុង១ថង់) នៅតាមផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្នុងគោលបំណងឱ្យមានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។
ឯកឧត្តមបន្ថែមថា« ការបង្កើតសំណល់ប្លាស្ទិក ក្នុងបរិមាណដ៏ច្រើន គួបផ្សំនឹងវិធានការគ្រប់គ្រងនៅមានកម្រិត បានបង្កបញ្ហាបរិស្ថានជាច្រើនដូចជា៖ ការបំពុលខ្យល់ ការបំភាយឧស្ម័នផ្ទះកញ្ចក់ដោយការដុតសំណល់ប្លាស្ទិក ការប៉ះពាល់សុខភាពមនុស្ស-សត្វដោយកំណើនវត្តមានពពួកមីក្រូប្លាស្ទិកក្នុងប្រភពទឹកសាធារណៈ និងការបង្កគ្រោះថ្នាក់ដល់ជីវៈចម្រុះ ពីសំណល់ប្លាស្ទិកយ៉ាងច្រើននៅក្នុងសមុទ្រ និងមហាសមុទ្រ»។
ដោយឡែក នៅកម្ពុជា កត្តារីកចម្រើននៃសេដ្ឋកិច្ចជាតិ កំណើនជីវភាពរបស់ប្រជាពលរដ្ឋ គួបផ្សំនឹងភាពស៊ីវិល័យរបស់សង្គមនិងការរស់នៅ បានធ្វើឱ្យការប្រើប្រាស់សម្ភារប្លាស្ទិកមានកើនឡើងក្នុងកម្រិតខ្ពស់ ពិសេសថង់ប្លាស្ទិក ដែលប្រជាជនកម្ពុជាម្នាក់ប្រើថង់ប្លាស្ទិកជាមធ្យម ៤ ថង់ក្នុង១ថ្ងៃ គឺសរុបថង់ប្លាស្ទិកប្រើទូទាំងប្រទេសក្នុង១ថ្ងៃ ប្រមាណ ៥៥ លានថង់ ដែលគិតជាទម្ងន់ប្រមាណ២៨០តោន។ ក្រៅពីថង់ប្លាស្ទិក នៅមានសម្ភារប្លាស្ទិកបម្រើផ្នែកអាហារនិងភេសជ្ជៈ ដូចជា ចាន ប្រអប់ស្នោរ កែវ ស្លាបព្រា សម កាំបិត បំពង់បឺត ប្រអប់ជ័រ ដែលកំពុងពេញនិយមប្រើប្រាស់កាន់តែច្រើនឡើងៗ។ សម្ភារប្លាស្ទិក ដែលប្រើប្រាស់រួច ត្រូវបានចោលលាយឡំជាមួយសំរាម សំណល់រឹងទីប្រជុំជន និងមានភាពរាយប៉ាយនៅតាមទីវាល និងប្រភពទឹកស្ទើរគ្រប់ទីកន្លែង។
ឯកឧត្តម អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានអោយដឹងថា រាជរដ្ឋាភិបាល បានដាក់ចេញ និងតាមដានដោយយកចិត្តទុកដាក់លើដំណើរការអនុវត្តនូវគោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឆ្នាំ២០២០-២០៣០ ដែលបានកំណត់ចក្ខុវិស័យធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាកាន់តែមានបរិស្ថានស្អាត ការរស់នៅប្រកបដោយផាសុកភាព សុខុមាលភាព និងសោភ័ណភាពទាក់ទាញ សមស្របទៅនឹងកំណើននគរូប-នីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចដ៏ឆាប់រហ័ស។ ការអនុវត្តគោលនយោបាយនេះ អាចចាត់ទុកជាកំណែទម្រង់ថ្មីមួយ ដែលនឹងជួយលើកតម្កើងនូវសុខុមាលភាពប្រជាជន លើកកម្ពស់និងកែលម្អសោភ័ណភាពទីប្រជុំជនរាជធានី ក្រុង ស្រុក ឱ្យកាន់តែមានភាពទាក់ទាញថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងខេត្តពោធិ៍សាត់ ដែលបានរួមសហការគ្នាប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការផ្តើមអនុវត្ត យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដែលជាការឆ្លើយតបនឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីវិធានការគោលនយោបាយស្តីពី « ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិក សម្រាប់រយៈពេលខ្លី»៕