ចិនសម្រេចដកពោងបណ្តែតទឹកចេញពីតំបន់កោះមានជម្លោះជាមួយហ្វីលីពីន
រយៈពេល២ថ្ងៃបន្ទាប់ពីឆ្មាំសមុទ្រចិនដាក់ពង្រាយពោងបណ្តែតទឹកនៅជិតកោះមានជម្លោះ ឆ្មាំសមុទ្រហ្វីលីពីនបាននិយាយកាលពីថ្ងៃអង្គារថា សមភាគីចិនបានដកចំណែកដែលនៅសេសសល់នៃរបាំងបណ្តែតដែលរារាំងអ្នកនេសាទហ្វីលីពីនពីការចូលទៅក្នុងបឹងមួយនៅឯច្រាំងសមុទ្រដែលមានជម្លោះនៃសមុទ្រចិនខាងត្បូង។
អ្នកនាំពាក្យឆ្មាំសមុទ្រ Commodore Jay Tarriela បានប្រាប់វិទ្យុ DWPM និងប៉ុស្តិ៍ព័ត៌មាន ANC ដោយនិយាយថា នាវាឆ្មាំសមុទ្រចិនចំនួន ៤ គ្រឿងស្ថិតនៅក្បែរនោះ មុនពេលហ្វីលីពីនកាត់របាំងប្រវែង ៣០០ ម៉ែត្រ កាលពីថ្ងៃចន្ទ ហើយបានដកយុថ្ការបស់វាចេញ ។ លោកបន្ថែមថា កប៉ាល់ចិន «មិនឈ្លានពានទេ» បន្ទាប់ពីបានឃើញប្រព័ន្ធផ្សព្វផ្សាយនៅលើទូកហ្វីលីពីន។
កាលពីថ្ងៃអាទិត្យ ឆ្មាំសមុទ្រហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញពីសកម្មភាពរបស់នាវាចិនដាក់ពង្រាយពោងបណ្តែតទឹកនៅជិតកោះ Scarborough Shoal ដែលមានជម្លោះ និងរារាំងដល់ការចូលទៅនេសាទតាមទម្លាប់របស់ប្រជានេសាទហ្វីលីពីន។
នៅថ្ងៃចន្ទប្រទេសហ្វីលីពីន បានដាក់ចេញវិធានការកាត់ពោងបណ្តែតទឹកនោះ ដោយហៅថា «ប្រតិបត្តិការពិសេស» ហើយភាគីចិនក៏មិនបានជំទាស់និងសកម្មភាពកាត់ពោងរបស់ភាគីហ្វីលីពីនដែរ៕