អ្នកលេងគុនខ្មែរ លន បញ្ញា នៅតែបន្តមហិច្ឆតាចង់ឈ្នះខ្សែក្រវាត់បន្ថែមទៀត
កីឡា៖ កីឡាករដែលមានដើមកំណើតមកពីខេត្តព្រៃវែង មិនទាន់ស្គាល់បរាជ័យឡើងក្នុងរយៈពេលជាង៣ឆ្នាំចុងក្រោយនេះ ម្ចាស់ខែ្សក្រវាត់៤គ្រឿង អ្នកលេងគុនខ្មែរ លន បញ្ញា នៅតែបន្តមហិច្ឆតាចង់ឈ្នះខ្សែក្រវាត់បន្ថែមទៀត ជាពិសេសចង់ជួបដៃគូខ្លាំងៗមកពីក្រៅប្រទេសដើម្បីបង្កើនសមត្ថភាពឲ្យឈានដល់កម្រិតកាន់តែខ្ពស់។
លន បញ្ញា ជាកីឡាករឃីកបុកស៊ីង និងគុនខ្មែរដ៏ល្អម្នាក់នៅក្នុងប្រទេសកម្ពុជាដែលបានឈ្នះមេដាយមាស១ និងប្រាក់១ ពីកីឡាស៊ីហ្គេមពីរលើកចុងក្រោយ។ ស៊ីហ្គេមលើកទី៣២ រូបគេបានឈ្នះមេដាយមាសលើកីឡាឃីកបុកស៊ីងទម្ងន់ ៦៧គីឡូក្រាម ក្រោយឈ្នះកីឡាករ Haris Sofyan Abdul របស់ឥណ្ឌូណេស៊ី។
កីឡាករ លន បញ្ញា ថ្លែរប្រាប់សារព័ត៌មានក្នុងស្រុក ថា «បច្ចុប្បន្នខ្ញុំមានខ្សែក្រវាត់៤គ្រឿង។ គោលដៅបន្ទាប់របស់ខ្ញុំគឺបន្តហ្វឹកហាត់ឲ្យខ្លាំង ហើយក៏ចង់ឈ្នះខ្សែក្រវាត់បន្ថែមទៀត។ សម្រាប់ដៃគូប្រកួតខ្ញុំចង់ជួបកីឡាករបរទេសខ្លាំងៗ ពីព្រោះនៅពេលខ្ញុំជួបដៃគូខ្លាំងៗគឺជាឱកាសអភិវឌ្ឍសមត្ថភាពបន្ថែមទៀត។ ជាពិសេស ខ្ញុំកាន់តែខ្លាំង កាន់តែល្បី ហើយជួយផ្សព្វផ្សាយគុនខ្មែរលើឆាកអន្តរជាតិផង»។ សូមបញ្ជាក់ផងដែរថា កីឡាករលន បញ្ញា ធ្លាប់ប្រកួត១០៤ដង ឈ្នះ៨២ ចាញ់១៧ ស្មើ៤ និងផ្តួលដៃគូឲ្យបោះបង់ការប្រកួតចំនួន៤៣លើក៕