រដ្ឋមន្ត្រីសង្គមកិច្ច៖ គោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ គឺ ការផ្តល់ការថែទាំសុខភាព

ខេត្តព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា អះអាងថា ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ជាក្តីសង្ឃឹមរបស់រាជរដ្ឋាភិបាល ក្នុងនោះរួមមាន ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសាកល ពោលគឺ នៅពេល មានជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរង គ្រោះ ត្រូវទទួលបាននូវសេវាថែទាំសុខភាពគ្រប់ៗគ្នា។

ថ្លែងនៅក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យវឌ្ឍនភាពការងាររបស់ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តព្រះសីហនុ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី បញ្ជាក់ដែលថា តាមរយៈការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន (ការផ្ដល់ប្រាក់កម្ចីដើម្បីប្រកបមុខរបរកសិកម្ម)។ រាជរដ្ឋាភិបាលនឹងបញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំ-សង្កាត់ដែលមានពលរដ្ឋប្រកបរបរកសិកម្ម និងបង្កើតសហគមន៍កសិករនៅទូទាំងប្រទេសដើម្បីការពារផលប្រយោជន៍របស់កសិករ។

ក្នុងគោលនយោបាយទាំង៦នេះមានពីរចំណុចដែលសំខាន់ទាក់ទងនឹងការងារសង្គមកិច្ចគឺ កម្មវិធីទី២ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគោលនយោបាយទី៣ ការជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះពីហានិភ័យ វិបិត្តិសេដ្ឋកិច្ច និងគ្រោះអាសន្ន។

ដោយឡែកចំពោះយុវជនដែលជាកូនអ្នកក្រីក្រ និងងាយរងគ្រោះនឹងទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដោយឥតបង់ប្រាក់ ថែមទាំងទទួលបានការឧបត្ថម្ភកំឡុងពេលបណ្ដុះបណ្ដាលបន្ថែមទៀត។ ការផ្ដល់កម្មវិធីជាតិជំនួយសង្គមដល់ពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ព្រមទាំងអ្នកប្រកបរបរក្រៅប្រព័ន្ធនឹងទទួលបានការយកចិត្តទុកដាក់ ហើយក៏អាចទទួលបានអត្ថប្រយោជន៍ដូចអ្នកប្រកបរបរក្នុងប្រព័ន្ធដែរនៅពេលដែលពួកគេជួបវិបត្តិ ឬហានិភ័យផ្សេងៗ។

ឯកឧត្តម ជា សុមេធី បានគូសបញ្ជាក់ថា ឯកឧត្តមនឹងបន្តចុះជួបពិនិត្យវឌ្ឍនភាពមន្ទីរសង្គមកិច្ចតាមបណ្តាខេត្តផ្សេងៗទៀត ខណៈទីតាំងខ្លះត្រូវការអភិវឌ្ឍបន្ថែម ជាពិសេសទទួលដឹងនូវបញ្ហាប្រឈមដែលតាមមន្ទីរបានជួបប្រទះ ដើម្បីពិនិត្យដោះស្រាយ និងបណ្តុះបណ្តាលធនធានមន្រ្តីបន្ថែមទៀតដើម្បីភាពល្អប្រសើរ។

ដោយឡែកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា លោក សម សុភា បានឱ្យដឹងថា ដោយមានការគាំទ្រពីក្រសួង និងរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត រួមជាមួយអង្គការដៃគូនានាបង្កើតឲ្យមានកិច្ច សហប្រតិបត្តិការល្អលើការផ្តល់សេវាសង្គមកិច្ច ក៏ដូចការអនុវត្តកម្មវិធីជំនួយសង្គមនានា ក្នុងក្របខ័ណ្ឌគោលនយោបាយគាំពារសង្គមប្រកបដោយភាពជោគជ័យ ដល់ជនរងគ្រោះ និងងាយរងគ្រោះក្នុងខេត្តព្រះសីហនុ ដោយមានអ្នកទទួលផលប្រមាណសរុប ១១ ៤៦៧នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds