អ្នកជំនាញជួសជុលនិងពង្រឹងខឿនបាកាណប៉ែកអាគ្នេយ៍របស់ប្រាសាទអង្គរវត្ត

មន្ត្រីជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា រហូតមកដល់ត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមការងារបច្ចេកទេសជួសជុលខឿនបាកាណរបស់ប្រាសាទអង្គរវត្ត គឺបានជួសជុលពង្រឹងការខូចខាតផ្នែកខ្លះនៃខឿនថ្មឱ្យបានដូចដើមឡើងវិញ ដូចជា បានរុញថ្មដែលញែកចេញពីគ្នាឱ្យចូលជាប់គ្នាវិញ ពង្រឹងគ្រឹះឱ្យរឹងមាំ ដោយប្រើលោហជាតិអ៊ីណុកទាម ដើម្បីទប់លំនឹងនៅតាមទីតាំងដែលថ្មងាយនឹងរបេះ។
មន្ត្រីអភិរក្ស និងជាក្រុមការងារបច្ចេកទេសជួសជុលខឿនបាកានរបស់ប្រាសាទអង្គរវត្ត លោក រ៉ូ សុវណ្ណដារដ្ឋ មានប្រសាសន៍ថា ច្រើនខែមកហើយ ក្រុមការងារបច្ចេកទេសកំពុងប្រឹងប្រែងជួសជុលខឿនបាកាណរបស់ប្រាសាទអង្គរវត្ត នៅតាមកន្លែងដែលមានថ្មញែកចេញពីគ្នា ដោយក្រុមការងារបានប្រើលោហជាតិអ៊ីណុកទាមឱ្យជាប់គ្នាទៅតាមស្រទាប់ៗប្រហែល២០កន្លែង ដើម្បីជួយទប់លំនឹងកុំឱ្យរហែកតទៅទៀត។
មន្ត្រីដដែលពន្យល់ទៀតថា បច្ចេកទេសនៃការទាមដើម្បីទប់លំនឹងថ្មទៀតសោត គឺបែងចែកជា៤ថ្នាក់ទៅតាមស្រទាប់នីមួយៗ។ ចំណែកឯ កន្លែងសំខាន់ដែលមានថ្មបាយក្រៀមនៅពីក្រៅ គឺត្រូវបិទភ្ជាប់កុំឱ្យទឹកជ្រាបចូល ដូចជា នៅចំណុចជ្រុងអាគ្នេយ៍ជាដើម។
បច្ចុប្បន្ននេះ ខឿនបាកាណផ្នែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ដែលមានការខូចខាតទ្រុឌទ្រោមខ្លាំង ដោយសារកត្តាចលនាទម្ងន់សង្តត់ពីលើ អាយុកាលរបស់ថ្ម ដើមឈើដុះចាក់ឬសចូលតាមថ្នេរថ្មចូលខឿនពីអតីតកាល និងចូលក្នុងគ្រឹះធ្វើឱ្យថ្មរហែកញែកចេញពីគ្នា រួមផ្សំនិងកត្តាទឹកភ្លៀងហូរចូលតាមចន្លោះថ្មទៅក្នុងគ្រឹះផង បណ្តាលឱ្យរចនាសម្ពន្ធទ្រទ្រងរបស់ជាន់បាកាណថយកម្លាំងទប់ខ្លះ។
មន្ត្រីជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ឱ្យដឹងថា រហូតមកដល់ពេលនេះ ដំណើរការជួសជុល និងពង្រឹងខឿនបាកាណនៅសល់តែ២ជ្រុងផ្នែកអាគ្នេយ៍ និងជណ្ដើរប៉ុណ្ណោះ៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds