សមត្ថកិច្ចឃាត់ខ្លួនយុវតី៣នាក់ ដែលព្រួតវាយយុវតីម្នាក់នៅខេត្តឧត្តរមានជ័យ ផ្អើលបណ្តាញសង្គមហ្វេកប៊ុក
ឧត្តរមានជ័យ៖ ក្រោយមានការបង្ហោះតាមបណ្តាញសង្គម អំពីយុវតីម្នាក់នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវយុវតីចំនួន៣នាក់ ប្រើប្រាស់អំពើហិង្សាយ៉ាងចាស់ដៃ ពេលនេះកម្លាំងនគរបាល នៃអធិការការដ្ឋាននគរបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ ស្រាវជ្រាវឈានដល់ការឃាត់ខ្លួនយុវតីទាំងនោះមកសួរនាំ។
លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានថ្លែងនៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ថា ករណីយុវតី៣នាក់ ធ្វើសកម្មភាពព្រួតវាយទៅលើយុវតីម្នាក់ផ្អើលបណ្តាញសង្គម គឺកើតឡើងអំឡុងខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ នៅចំណុចតាមផ្លូវខាងលិចរបងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ មូលហេតុដោយសារជនសង្ស័យខឹងជនរងគ្រោះដើរនិយាយដើមខ្លួន។
ក្រោយមានការបង្ហោះតាមបណ្តាញសង្គម និងមានការណែនាំ និងអនុវត្តបទបញ្ជាលោកឧត្តមសេនីយ៍ទោ ហ៊ួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសំរោង បានស្រាវជ្រាវឃាត់ខ្លួនយុវតីទាំង៣នេះ មកកាន់អធិការដ្ឋាននគរបាលក្រុង។
លោកវរសេនីយ៍ឯក ហម ភិរម្យ បានថ្លែងឱ្យដឹងទៀតថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោក តេង សាម៉ៃ ព្រះរាជអាជ្ញាស្តីទី នៃអយ្យការអមសាលាដំបូងខេត្តឧត្តមានជ័យ បានអញ្ជើញមកកាន់អធិការដ្ឋាននគរបាល ក្រុងសំរោង ធ្វើការណែនាំអប់រំ និងពន្យល់ពាក់ព័ន្ធបញ្ហាផ្លូវច្បាប់ដល់ក្មេងទំនើងស្រីទាំង៣នាក់ខាងលើ និងអាណាព្យាបាលរបស់ពួកគេ ព្រមទាំងបានណែនាំដល់មន្ត្រីនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងសំរោង ឲ្យធ្វើកិច្ចសន្យាអប់រំ និងឲ្យអាណាព្យាបាលមកធានាយកក្មេងទំនើងទាំង ០៣នាក់ខាងលើ ត្រឡប់ទៅមូលដ្ឋានវិញដើម្បីធ្វើការអប់រំបន្ត៕