អាមេរិកផ្ដល់ជំនួយ១៨លានដុល្លារដល់កម្ពុជាឡើងវិញបន្ទាប់ពីផ្អាកមួយរយៈអំឡុងក្រោយការបោះឆ្នោត
លោកស្រី វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាមេរិក បានថ្លែងប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ថាសហរដ្ឋអាមេរិកបានសម្រេចផ្ដល់ជូនឡើងវិញនូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ១៨លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលសហរដ្ឋអាមេរិកបានផ្អាកក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃជំនួបរវាងសម្តេចមហាបវរធិបតី និងលោកស្រី ម៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាមេរិក ដែលចេញផ្សាយនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងឱកាសជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន ម៉ាណែត លោកស្រី ម៉ិចតូរីយ៉ា នូលែន បានគូសបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិកស្វាគមន៍ឱកាសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈការធ្វើការជិតស្និទ្ធជាមួយសម្ដេចធិបតី។ លោកស្រីថា សហរដ្ឋអាមេរិកចង់ឃើញសម្តេចធិបតី ក៏ដូចប្រទេសកម្ពុជាទាំងមូលទទួលបានជោគជ័យ។ យ៉ាងណាក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានក៏បានពិភាក្សាគ្នាផងពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ដោយលោកស្រី ម៉ិចតូរីយ៉ា នូលែន បានស្នើពន្លឿននីតិវិធីនៃការទទួលយកពលរដ្ឋទាំងនោះ។ ជាការឆ្លើយតបសម្តេចធិបតីបានបញ្ជាក់ថាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជានឹងពិនិត្យនីតិវិធីឱ្យដំណើរការដោយរលូន ឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕