រវាង ពេជ្រ សម្បត្តិ និងអេឡិច សាន់ដ្រូ អ្នកណាអាចរក្សាតំណែងរហ័សនាម«ក្របីព្រៃ»បាន ?
ដូចការសន្យារបស់អ្នករៀបចំការប្រកួតដើម្បីរក្សារហ័សនាម «ក្របីព្រៃ» អោយនៅតែមួយរវាងកីឡាករគុនខ្មែរពីរូប គឺកីឡាករ ពេជ្រ សម្បត្តិ នឹងអេ ឡិចសាន់ដ្រូ នឹងត្រូវធ្វើឡើងនៅនៅក្នុងកម្មវិធី Wurkz សេនាគុនខ្មែរ យ័ន្ដ៨ទិស នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ថ្លែងនៅក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី២២ ខែកញ្ញា លោក គឹម ស៊ុនកុសល (TOMMY KIM) តំណាងស្ថាប័ណ្ណ IPCC ពីភពលោកប្រចាំប្រទេសកម្ពុជា បានអោយដឹងថា ដើម្បីរក្សាទុករហ័សនាម«ក្របីព្រៃ»ដល់កីឡាករតែម្នាក់ក្នុងចំណោមកីឡាករពីរនាក់ ចឹងយើងរៀបចំការប្រកួតរវាងអ្នកទាំងពីរ អ្នកណាឈ្នះនៅរក្សារហ័សនាមនោះដដែល រីឯអ្នកចាញ់ត្រូវរករហ័សនាមថ្មី។ លោកថា «ការប្រកួតរបស់អ្នកទាំងពីរនៅក្នុងព្រឹត្តិការណ៍Wurkz សេនាគុនខ្មែរ យ័ន្ដ៨ទិស ជាការប្រកួតដ៏សំខាន់មួយដើម្បីរក្សារហ័សនាម ព្រោះអ្នកទាំងពីរសុទ្ធសឹងតែជាកីឡាករល្អ ហើយមានកម្លាំងដូចក្របី ដូចនេះអ្នកណាឈ្នះនៅរក្សារហ័សនាមដដែល»។
មុនការប្រកួតដើម្បីរក្សារហ័សនាម ពេជ្រ សម្បត្តិ បានអោយដឹងថា ការប្រកួតមួយនេះមិនអាចមើលស្រាលបានទេ ព្រោះកីឡាករប្រេស៊ីល រូបនេះ គាត់ល្អដៃ កែង កម្លាំងដើរបុក ហើយគាត់ខ្ពស់ទៀត ចឹងមិនអាចមើលស្រាលបានទេ។ សម្បត្តិថា ការប្រកួតនៅថ្ងៃទី៣០ ខាងមុខ បើប្តូគ្នា ខ្ញុំគិតថាមិនចប់ទឹកទេ។ ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ហើយខ្ញុំក៏បានសិក្សាពីក្បាច់គាត់អស់ហើយដែរ តែខ្ញុំមិនទាន់បញ្ចេញទេ ចាំឡើងសង្វៀនតែម្តង។ យ៉ាងណា ក្របីព្រៃកម្ពុជា ពេជ្រ សម្បត្តិ ផ្តាំទៅអេឡិចថា ត្រូវប្រកួតគ្នាអោយអស់ពីសមត្ថភាព ដើម្បីចាញ់ឈ្នះអោយអស់ចិត្តរៀងៗខ្លួន។
ក្រៅពីការប្រកួតរវាងអ្នកទាំងពីរ នៅក្នុងកម្មវិធី Wurkz សេនាគុនខ្មែរ យ័ន្ដ៨ទិស នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ ក៏មានការប្រកួតដណ្តើមខ្សែក្រវាត់៖ កីឡាករ ផល សោភ័ណ្ឌ ប្រកួតដណ្តើមខ្សែក្រវាត់ IPCC WURKZ WORLD KUNKHMER ក្នុងប្រភេទ ទម្ងន់ 67 គីឡូក្រាម ជាមួយកីឡាករថៃ។ កីឡាករ រឿង លោភ័ណ្ឌ ប្រកួតដណ្តើមខ្សែក្រវាត់ IPCC WURKZ WORLD KUNKHMER ក្នុងប្រភេទទម្ងន់ 69 គីឡូក្រាម ជាមួយកីឡាករជប៉ុន, កីឡាករ ធឿន ធារ៉ា ប្រកួតដណ្តើមខ្សែក្រវាត់ IPCC INTERCONTINENTAL ប្រភេទទម្ងន់ 72 គីឡូក្រាម ជាមួយកីឡាករទុយនេហ្ស៊ី និងព្រុំ សំណាង ត្រូវប្រកួតដណ្តើមខ្សែក្រវាត់ IPCC INTERCONTINENTAL ប្រភេទទម្ងន់ 80គីឡូក្រាម ជាមួយ កីឡាករសហរដ្ឋអាមេរិច៕