កំពូលកីឡាករកម្ពុជា៨រូបនឹងឡើងធ្វើជាសេនាការពារគុនខ្មែរយ័ន្ដ៨ទិស នាចុងខែនេះ
ភ្នំពេញ ៖ កីឡាករទាំង៨រូប ដែលជាអ្នកការពារ សេនាគុនខ្មែរ យ័ន្ដ៨ទិស សុទ្ធតែជាកំពូលៗអ្នកលេងគុនខ្មែរប្រចាំប្រទេស ដោយពួកគេត្រៀមប្រកួតក្នុងកម្មវិធី Wurkz សេនាគុនខ្មែរ យ័ន្ដ៨ទិស នៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០២៣នេះ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២២ ខែកញ្ញា លោក គឹម ស៊ុនកុសល (TOMMY KIM) តំណាងស្ថាប័ណ្ណ IPCC ពីភពលោកប្រចាំប្រទេសកម្ពុជា បានអោយដឹងថា ការរៀបចំមហាព្រឹត្តិការណ៍លំដាប់ពិភពលោក សេនាគុនខ្មែរយ័ន្ត៨ទិស មានគោលបំណងសំខាន់ គឺដើម្បីលើកស្ទួយដល់ក្បាច់គុនបុរាណខ្មែរអោយកាន់តែមានភាពល្បីល្បាញបំផុត។ ជាពិសេសទស្សនិកជនជាតិ និងអន្តរជាតិ នឹងអ្នកស្នេហាវីស័យកីឡាប្រដាល់ក្បាច់គុនខ្មែរទាំងអស់ បានទស្សនាការប្រកួតយ៉ាង ស្វិតស្វាញ ក្តៅគគុក នឹងអស្ចារ្យក្នុងមហាព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ។
លោកបន្ថែមថា បច្ចុប្បន្នកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ មានការនិយមគាំទ្រខ្លាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស យើងក៏បានព្យាយាមបង្កើតកម្មវិធីប្រដាល់កាន់តែកក្រើក និងកាន់តែខ្លាំងដែលមិនធ្លាប់មាន នៅទូទាំងប្រទេសកម្ពុជា គឺសេនាគុនខ្មែរយ័ន្ត៨ទិសដែលនាំមកជូនដោយ ពេសជ្ជៈប៉ូវកំលាំងវើក ដែលនេះបង្ហាញពីភាពខ្លាំង ដូចគ្នាទៅនិង ភេសជ្ជៈប៉ូវកំលាំងវើក ដែលមានភាពពេញនិយមផងដែរ។
លោកថា «លើសពីនេះទៅទៀត យើងក៏មានគោលបំណងដើម្បីលើកទឹកចិត្តដល់អ្នកជំនាន់ក្រោយអោយបន្តវេន ក៏ដូចជាថែរក្សាក្បាច់គុនបុរាណខ្មែរដ៏មានតម្លៃផូរផង់មួយនេះផងដែរ ។ ជានិច្ចកាលយើងខ្ញុំតែងនាំមកនូវអ្វីដែលពិសេសនិងថ្មីជានិច្ចជូនដល់ទស្សនិកជននិងអ្នកគាំទ្រប្រដាល់គុនខ្មែរ ដែលតែងតែគាំទ្រទូរទស្សន៍ថោន និងភេសជ្ជៈប៉ូវកំលាំងវើកជានិច្ច»។
ដោយឡែកអ្នកឧកញ៉ា លាង ម៉េង អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានអោយដឹងដែរថា ក្រុមហ៊ុនតែងតែរៀបចំអ្វីដែលថ្មីៗ តួយ៉ាង សមិទ្ធផលដែលក្រុមហ៊ុនធ្វើកន្លងមក មានដូចជា WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី១ និងរដូវកាលទី២ ដែលជាព្រឹត្តិការណ៍ដំបូងគេបង្អស់ ដោយបាននាំយកទស្សនីយភាពប្រដាល់ជូន ដល់បងប្អូនតាមបណ្តាខេត្តក្រុងឱ្យបានទស្សនាផ្ទាល់ ព្រមទាំងបានចូលរួមចំណែកក្នុងការផ្សព្វផ្សាយគុនខ្មែរ លើឆាកអន្តរជាតិដោយដាក់ពាក្យគុនខ្មែរនៅលើខ្សែក្រវាត់អន្តរជាតិធំៗចំនួន៣។
អ្នកឧកញ៉ាបន្ថែមថា« នេះគឺជាសក្ខីភាពដែលបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងការសហការបង្កើតនូវមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរកាន់តែកក្រើក និងកាន់តែខ្លាំង។ ដូចនេះហើយបានជា យើងបានបង្កើតនូវមហាព្រឹត្តិការណ៍លំដាប់ពិភពលោក WURKZ ប្រដាល់ គុនខ្មែរ «សេនាគុនខ្មែរ យ័ន្ត ៨ ទិស» ដែលប្រជុំដោយកំពូលកីឡាករល្បីជួរមុខរបស់កម្ពុជាចំនួន៨គូ ក្នុងពេលតែមួយ មិនធ្លាប់មានពីមុនមក ជូនទៅដល់អ្នកគាំទ្រប្រដាល់គុនខ្មែរនៅកម្ពុជា ព្រមទាំងទូទាំងសកលលោក»។
កំពូលកីឡាករល្បីៗដែលត្រៀមមកអង្រួនសង្វៀន Wurkz សេនាគុនខ្មែរ យ័ន្ដ៨ទិសនោះរួមមាន អ្នកលេងកន្ត្រៃមាស ជង្គង់ទិព្វ ព្រំ សំណាង តំណាងទិសឧត្តរ , ដំរីភ្លុកពិឃាត ផល សោភ័ណ្ឌ តំណាងទិសឦសាន, គីងកុងកូនកាត់ ម៉ានូ សិល្បៈ តំណាងទិសបូព៌ា, អ្នកលេងកែង ឈឿន ល្វៃ តំណាងទិសអាគ្នេយ៍ , បងធំគុនខ្មែរដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ តំណាងទិស ទក្សិណ, ក្របីព្រៃ ពេជ្រ សម្បត្តិ តំណាង ទិស និរតី , អ្នកលេងពូថៅដៃ ធឿន ធារ៉ា តំណាងទិស បស្ចិម, រាហ៊ូ មាស ឈុត សេរីវណ្ណថង តំណាងទិស ពាយព្យ៕