តើពិតជាមានពស់ត្បាល់ដូចចាស់ៗនិយាយមែនទេ?(វីដេអូ)
ពស់ត្បាល់ គេតែងតែឮនិទានតៗគ្នាពីរូបរាង ទំហំ និងភាពកាចសាហាវរបស់វា រហូតដល់ខ្លះថាស៊ីគោ ស៊ីក្របី ស៊ីដំរី ខ្លួនវាធំប៉ុនគល់ត្នោត ប៉ុនកង់រទេះក៏មាន ប៉ុន្តែមិនមានរណាម្នាក់បានឃើញពិតនោះទេ។
តទៅនេះយើងខ្ញុំនឹងនិយាយពីពស់ត្បាល់ ដែលភាសាបរទេសគេហៅថា Hoop Snake វាគឺជារឿងនិទានតៗគ្នានៃមនុស្សនៅតំបន់អាម៉េរិកខាងជើងមានកាណាដា អាមេរិក និងអូស្ត្រាលីផងដែរ។ ការឃើញពស់ត្បាល់ត្រូវបានលេចឮតាំងពីជំនាន់នៃអាណានិគមអាម៉េរិកខាងជើងម្ល៉េះ រហូតមកដល់សព្វថ្ងៃនេះក៏នៅតែមានពាក្យចចាមអារ៉ាមថាបានឃើញពស់ត្បាល់ម្តងម្កាលដែរ ប៉ុន្តែអ្នកវិទ្យាសាស្ត្រមិនដែលទទួលស្គាល់ការនិយាយខាងលើនេះឡើយ។ លោក Raymond Ditmars អ្នកជំនាញខាងធម្មជាតិបានសន្យាផ្តល់ប្រាក់រង្វាន់ ១០,០០០ ដុល្លារ ដល់នរណាដែលអាចបញ្ជាក់ពីភស្តុតាងនៃពស់ត្បាល់នោះ ប៉ុន្តែគ្មាននរណាម្នាក់អាចបញ្ជាក់ ឬចាប់ពស់ត្បាល់មកធ្វើជាគំរូបានឡើយ។
តើពស់ត្បាល់ឬ Hoop Snake មានលក្ខណៈបែបណា?
ពស់ត្បាល់វាជាសត្វដែលមានពិសហើយពុលសាហាវខ្លាំង រូបរាងវាស្រដៀងនឹងពស់វែកដែរ តែមិនបើកពពារដូចពស់វែកទេ ដែលសត្វពស់ត្បាល់ញីវាមានលក្ខណៈធម្មតា តែពស់ឈ្មោលពេលវាធំទៅ វាមានដុះសិរ ឬស្នែងនៅលើក្បាល។ លក្ខណៈប្លែកខុសពីពស់ដទៃគឺវាវាយប្រហារសត្រូវដោយប្រើកន្ទុយមិនមែនចឹកនោះទេ ដែលកន្ទុយរបស់វាមានលក្ខណៈដូចជាកន្ទុយខ្យាដំរី ហើយលក្ខណៈពិសេសមួយទៀតវាអាចខាំកន្ទុយវាបង្វិលខ្លួនដូចជាកង់រទេះ ប្រហែលកន្លែងហ្នឹងហើយដែលគេថាពស់ត្បាល់ធំប៉ុនកង់រទេះគឺទំហំរង្វង់កង មិនមែនទំហំខ្លួនវានោះទេ។ ការបង្វិលខ្លួនរបស់វាគឺលឿនខ្លាំងណាស់ តាមការនិទានវាអាចធ្វើដំណើរដោយការបង្វិលខ្លួនក្នុងល្បឿនប្រមាណ ៩៦ គ.ម/ម៉ ប្រសិនបើជួបមនុស្សគឺពិបាកនឹងរួចជីវិតណាស់ព្រោះល្បឿនប៉ុណ្ណឹង គឺស្មើនឹងល្បឿនមនុស្សយើងរត់ប្រហែល៣ដង។
បើយើងចង់រួចផុតពីការវាយប្រហារ ឬសម្លាប់របស់ពស់ត្បាល់ យើងត្រូវរត់ឱ្យបានលឿនបំផុត រួចទៅពួននៅក្រោយដើមឈើ ពេលនោះវានឹងប្រើកន្ទុយវាវាត់សំដៅទៅដើមឈើ ពេលដែលកន្ទុយវាចាក់ត្រូវដើមឈើ ដើមឈើនោះនឹងត្រូវងាប់យ៉ាងឆាប់រហ័សត្រឹមតែមួយថ្ងៃដោយសារជាតិពិសរបស់ពស់ត្បាល់។ ម្យ៉ាងទៀត យើងអាចរត់ទៅកន្លែងណាដែលមានរបង ឬកន្លែងណាមានរបាំងខ្ពស់ល្មមរួចពួននៅទីនោះ ពេលវាមកដល់វានឹងវិលទៅផុត បើវាបន្ថយល្បឿនដើម្បីឈប់ខាំកន្ទុយហើយវារមករកយើងនោះ យើងនឹងមានឱកាសរត់គេចពីវាបាន។ បើតាមយើងខ្ញុំគិតរឿងពស់ត្បាល់នេះ មិនខុសគ្នាប៉ុន្មានពីរឿង នាគ គ្រុឌ គជសីហ៍ នៃទេវកថារបស់ខ្មែរយើងនោះទេ ព្រោះគ្មាននរណាឃើញពិតពីវានោះឡើយ ហើយគ្រាន់តែជាការនិទានតៗគ្នាប៉ុណ្ណោះ៕