កម្ពុជាសាកល្បងនាំចេញបង្កងកណ្តូបរស់៤៥គីឡូក្រាមទៅប្រទេសចិន


អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ការនាំចេញបង្កងកណ្តូបរស់ ទៅកាន់ទីផ្សារចិននេះគឺ ជាលើកដំបូង ក្នុងទំងន់ប្រមាណ ៤៥គីឡូក្រាម ដែលនាំចេញទៅតាមជើងយន្តហោះ។ លោកជំទាវបានឱ្យដឹងដែរថា ក្រៅពីនាំចេញបង្កងកណ្តូបរស់ទៅកាន់ទីផ្សារចិនជាលើកដំបូង កម្ពុជាក៏បាននាំចេញកំពឹសទឹកសាបបង្កក និងអន្ទង់បង្កក ទៅកាន់ទីផ្សារប្រទេសចិនផងដែរ ក្នុងបរិមាណសរុបចំនួន ១០តោន ដែលជាផលិតផលជលផលរបស់កម្ពុជា (ជើងដំបូង) ត្រូវបាននាំចេញ បន្ទាប់ទទួលបានការអនុញ្ញាតពីរដ្ឋបាលគយចិន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

ចំពោះការនាំចេញផលិតផលជលផលបង្កងកណ្តូប ដែលមានក្នុងធម្មជាតិចំនូនតិចតួចនៅឡើយនេះ ដោយសារតែកម្ពុជាចង់រក្សាបាននូវតុល្យភាពសត្វសមុទ្រទាំងនេះនៅក្នុងធម្មជាតិ។ ដូចនេះ លើកដំបូងដែលកម្ពុជានាំចេញទៅកាន់ប្រទេសចិនមានតែចំនួន ៤៥គីឡូក្រាម ប៉ុណ្ណោះ។ សម្រាប់ការវេចខ្ចប់ ដោយសារវាជាសត្វរស់ទើបគេត្រូវធ្វើការដោយប្រុងប្រយ័ត្នបំផុត ក្នុងនោះមួយថង់ៗគេដាក់តែចំនួន ៥គីឡូក្រាម ប៉ុណ្ណោះ ដោយត្រូវការដាក់អុកស៊ីសែន ដើម្បីឱ្យវានៅរស់រហូតទៅដល់គោលដៅ។ ការនាំចេញលើកទី១នេះ ទទួលបានជោគជ័យ ដោយបង្កងកណ្តូបទាំងនេះនៅរស់ទាំងអស់នៅពេលទៅដល់គោលដៅដែលគេត្រូវការ។ បង្កងកណ្តូបនេះគេត្រូវការតែវានៅរស់ប៉ុណ្ណោះ ព្រោះសត្វប្រភេទនេះប្រសិនបើងាប់វានឹងអស់សាច់ ហើយយកទៅធ្វើម្ហូបអាហារមិនកើតទេ។

លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយករដ្ឋបាលជលផល បានឱ្យដឹងដែរថា បង្កងកណ្តូបជាប្រភេទសត្វសមុទ្រដែលកំពុងមានទីផ្សារល្អនៅប្រទេសចិន (កម្ពុជាមានប៉ុន្មានក៏គេទទួលយកដែរ)។ ការនាំចេញបង្កងកណ្តូប និងធនធានសមុទ្រកម្ពុជា ជាច្រើនផ្សេងទៀតនាកន្លងមកសុទ្ធតែមានរស់ជាតិឆ្ងាញ់ពិសារ ដែលទីផ្សារប្រទេសចិនកំពុងត្រូវការ។ លោកបានបញ្ជាក់ថា កាលពីដំបូងឡើយបង្កងកណ្តូបអ្នកនេសាទកម្ពុជាមិនត្រូវការវាទេ ដោយសារគ្មានទីផ្សារ ហើយម្យ៉ាងទៀតអ្នកនេសាទតែងតែសម្លាប់វាចោលនៅពេលជាប់មង ហើយវាក៏ជាប្រភេទសត្វបំផ្លាញមងអ្នកនេសាទផងដែរ។ ប៉ុន្តែបន្ទាប់ពីកម្ពុជាបានទទួលកិច្ចសហប្រតិបត្តិការលើទីផ្សារ និងជនជាតិចិនចូលមកកាន់កម្ពុជាកាន់តែច្រើនមកឃើញថា ទីផ្សារបង្កងកណ្តូបកំពុងមានតម្រូវការខ្ពស់ ហើយពេលនេះកម្ពុជាអាចនាំចេញទៅលក់នៅប្រទេសចិនបានដោយជោគជ័យថែនទៀត។

គួរជម្រាបថា កាលពីខែឧសភា ឆ្នាំ២០២៣ ផលិតផលជលផលធម្មជាតិរបស់កម្ពុជា ជាង១០ប្រភេទ មានដូចជា កំពឹសទឹកសាប, ត្រីប្រាធំ, ត្រីប្រាខ្ចៅ, ខ្យងទឹកសាបពីរប្រភេទ, អន្ទង់ទឹកសាប, បង្កងកណ្តូបពីរប្រភេទ, បង្គាខ្លឹង, បង្គាស, និងបង្គាប៉ារ៉ា ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីទទួលបានការអនុញ្ញាតឲ្យនាំចេញពីរដ្ឋបាលគយចិន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds