អាជ្ញាធរខេត្តក្រចេះប្រកាសពលរដ្ឋត្រៀមបង្កាព្រោះកម្ពស់ទឹកទន្លេមេគង្គហក់ដល់ជិត២០ម៉ែត្រ
(ខេត្តក្រចេះ)៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ដងព្រែកឲ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់លើបញ្ហាទឹកជំនន់ ដោយសារតែស្ថានភាពទឹកនៅក្នុងខេត្តក្រចេះមានការហក់ឡើងដល់១៩.៩៥ម៉ែត្រ គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ បើតាមការព្យាករណ៍ទឹកទន្លេមេគង្គនៅក្នុងខេត្តក្រចេះនៅថ្ងៃនេះ នឹងមានការហក់ឡើងបន្តទៀត ហើយកម្ពស់ទឹកដែលត្រូវប្រកាសអាសន្ននៅក្នុងខេត្តក្រចេះគឺកម្ពស់២២ម៉ែត្រ។
ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេង ដែលអាចកើតឡើងដោយយថាហេតុ គណះកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្តសូមធ្វើការណៃនាំដល់បងប្អូនប្រជាពលរដ្ឋរស់ៅក្នុងខេត្តក្រចេះ ជាពិសេសគ្រួសារដែលរស់នៅជាប់ដងទន្លេមេគង្គ ព្រែក មេត្តាប្រុងប្រយត្ន័ឲ្យបានខ្ពស់ដូចខាងក្រោម៖
១. វេចខ្ចប់សម្ភារៈសំខាន់ៗទុកជាមុនដូចជាអត្តសញ្ញាណប័ណ្ណសំបុត្រកំណើតថវិកា និងឯកសារផ្សេងៗ។
២. ត្រៀមបម្រុងទុក្ខសម្ភារៈសំខាន់ៗ ដូចជា ស្បៀងទឹកកញ្ចប់សង្គ្រោះបន្ទាន់ សាប៊ូ ភួយ អាវភ្លៀង ទូរសព្ទដែល ១២៩៤ និងសម្ភារៈដទៃទៀត។
៣. បើមិនមានការចាំបាច់កុំចេញធ្វើដំណើរ ឬទៅនេសាទ។
៤. ត្រូវប្រមូលនិងរៀបចំទុកដាក់ផលកសិកម្មដែលអាចប្រឈមទៅនឹងទឹកជំនន់ ដើម្បីចៀសវាងការខូចខាតឬការបាត់បង់ធ្ងន់ធ្ងរ។
៥. ត្រូវចងផ្ទះសម្បែងឲ្យបានរឹង និងណែនាំឲ្យកូនចៅកុំឲ្យទៅជិត ឬលេងក្បែរតំបន់ងាយរងគ្រោះ
៦. ត្រូវយកចិត្តទុកដាក់តាមដានប្រព័ន្ធទូរសព្ទ ១២៩៤ របស់គណៈគម្មាធិការគ្រោះមហន្តរាយខេត្តក្រចេះ។
សូមបញ្ជាក់ថា ទឹកក៏បានជន់លិចតាមឃុំមួយចំនួនក្នុងស្រុកចិត្របុរី ស្រុកឆ្លូង ស្រុកសំបូរ និងស្រុកព្រែកប្រសព្វ៕