សហគ្រាសកែច្នៃត្រីងៀត ហូមថេសហ្វូត ត្រូវបានជ្រើសរើសជាសហគ្រាសគំរូដែលទទួលបាន CQS
សៀមរាប ៖ សហគ្រាសកែច្នៃត្រីងៀត ហូមថេសហ្វូត ដែលស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាម ត្រូវបានជ្រើសរើសជាសហគ្រាសគំរូដែលទទួលវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS)។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នាឱកាសទស្សនៈកិច្ចសិក្សានៅសហគ្រាសនាខេត្តសៀមរាប នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ម្ចាស់សហគ្រាសកែច្នៃត្រីងៀត ហូមថេសហ្វូត លោកស្រី ស៊ឹម សេរីរត្ន័ បានអោយដឹងថា« មុនយើងទទួលបាន វិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) យើងបានអនុវត្តស្តង់ដាររយៈពេល១ឆ្នាំ ហើយយើងអនុវត្តហើយមានក្រុមសវនករ មកធ្វើសវនកម្មនៅក្នុងសហគ្រាសយើងដែរ។ សវនករគាត់មកតាំងពីខែ៦ ដោយសារតែយើងមានកំហុសខ្លះៗ ទើបយើងដោះស្រាយបាននៅខែ៧ថ្មីៗនេះដែរ។ កំហុសទាំងនោះដូចជាកំប៉ុងសាប៊ូយើងអត់សរសេរ ចឹងវាជាកំហុសតិចៗ»។
ជាមួយគ្នានេះដែរ លោកស្រី ពន្យល់ពីផលវិបាកនៃការស្នើសុំវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា។ លោកស្រីថា«ការស្នើសុំCQS វាតឹងតែងខ្លាំងមែនទែនពេលខ្លះយើងចង់បោះបង់ចោល ព្រោះយើងចាប់ផ្តើមពីចំណុចសូន្យ យើងអត់មានធនធានគ្រប់គ្រាន់។ ម្យាងធនធានដែលយើងមានក៏គាត់អត់ដឹងដូចយើងដែរ អញ្ចឹងសហគ្រាសរបស់យើងចាប់ផ្តើមដំបូងវារញ៉េរញ៉ៃតែម្តង ទាំងការទុកដាក់សម្ភារៈអត់សណ្តាប់ធ្នាប់ ខ្ញុំធ្លាប់គិតថាបោះបង់ដែរ តែបានគ្រួសារ( ប្តី) គាត់លើកទឹកចិត្តយើងដើរដល់ចំណុចនេះហើយ យើងបោះបង់ធ្វើអ្វី ហើយខ្ញុំក៏បានប្រជុំជាមួយបុគ្គលិក គាត់អោយយើងទៅមុខបន្ថែមទៀត បើយើងបានគឺយើងជោគជ័យហើយ»។
សហគ្រាសកែច្នៃត្រីងៀត ហូមថេសហ្វូត ទទួលបានការគាំទ្រផ្នែកសម្ភារៈ និងបច្ចេកទេសពីកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម ដើម្បីធ្វើអោយប្រសើរឡើងនៅប្រត្តិបត្តិការអាជីវកម្ម និងលារប្រកួតប្រជែងតាមរយៈទំនើបកម្មការកែច្នៃផលិផលជលផល និងការកែលំអរទីតាំងកែច្នៃ ពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល(CAPFishCapture)ក្រោមសហហិរញ្ញប្បន្នទានរបស់សហភាពអឺរ៉ុប។
សូមបញ្ជាក់ផងដែរថា ប្រព័ន្ធវិញ្ញាបនបត្រ CQS គឺជួយបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើក កម្ពស់សុវត្ថិភាពម្ហូបអាហារសម្រាប់មនុស្សគ្រប់រូប និងពង្រីកទីផ្សារនាំចេញ។ ប្រព័ន្ធវិញ្ញាបនបត្រCQS ជាកាបោះជំហានទៅមុខដ៏សំខាន់មួយរបស់កម្ពុជាក្នុងកាប្រែក្លាយខ្លួនទៅជាជើងក្នុងកាអនុលោមតាមលក្ខខណ្ឌតម្រូវនៃសុវត្ថិភាពម្ហូបអាហារនិងកាងារនេសាទប្រកបដោយនិរន្តភាពដែលផ្តល់អត្ថប្រយោជន៍បន្តដល់អ្នកប្រើប្រាស់ក្នុងស្រុកនិងពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិផងដែរ។ កាលពីថ្ងៃទី០៣ខែសីហា ឆ្នាំ២០២៣សហភាពអឺរ៉ុប (EU) អង្គការ UNIDO និងរដ្ឋបាលជលផល បានប្រកាសជាផ្លូវការអំពីការប្រគល់វិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ជូនដល់សហគ្រាសកែច្នៃផល ផលិតផលជលផល៕