ដូចបំណងហើយ ណង សាវ ចូលខ្លួនមកជំនួសកីឡាថៃ ប៉ះដៃគូចាស់ ពេជ្រ សម្បត្តិ
ស្របពេលដែលអ្នកស្នេហាវិស័យកីឡា បានផ្គូរផ្គង់អោយអ្នកប្រដាល់ពីរនាក់គឺ ពេជ្រ សម្បត្តិ និងណង សាវ ជួបប្រកួតគ្នា ខណៈដែលអ្នកប្រដាល់ម្នាក់កំពុងឡើងកូដខ្លាំងក្នុងវិស័យប្រដាល់ រីឯម្នាក់ទៀតកំពុងតែអត់មានទីផ្សារប្រកួត។ ជំនួបលើកនេះអ្នកទាំងពីរមិនបានត្រៀមទុកមុននោះទេ ដោយកីឡាករណង សាវ ចូលខ្លួនមកជំនួសកីឡាករថៃ។
ជំនួបរវាងអ្នកទាំងពីរគ្រូបង្វឹករបស់កីឡាករទាំងពីរបង្ហាញជំនឿចិត្តរៀងៗខ្លួន តាមរយៈទំព័រហ្វេបុករបស់លោកគ្រូ ឡុង សុវណ្ណឌឿន ដែលជាគ្រូរបស់កីឡាករណង សាវ បានសរសេរសារយ៉ាងខ្លីថា «អ្នកអត់ទីផ្សារស្វាគមន៍អ្នកមានទីផ្សារកំរិតខ្ពស់ហើយក៏ជាឱកាសដែរ» ក្រោយបង្ហោះរបស់គ្រូបង្វឹកស្រាប់តែអ្នកគាំទ្រវិស័យកីឡា បាននាំគ្នាចោទសួរនៅក្នុងខ្ទង់ផ្តល់ជាមតិ(Comment) ថា «តើគាត់បានហាត់ដែរឬទេ» ភ្លាមៗលោកឡុង សុវណ្ណឌឿន បានតបវិញថា« គាត់ហាត់រាល់ថ្លៃប៉ុន្តែមិនបានត្រៀម»។ រីឯអ្នកខ្លះទៀត លើកឡើងថា «បេីឈ្នះប្រគួតនេះ ណង សាវ គាត់នឹងមានទីផ្សារព្រោះលោកគ្រូពេជ្រ សុផាន់ នឹងដាក់ពេជ្រ ប៊ុនសិទ្ធ មកសងសឹក»។
ដោយឡែកតាមរយៈទំព័រហ្វេបុករបស់លោកគ្រូ ពេជ្រ សីហា ដែលជាគ្រូជំនួយរបស់ ពេជ្រ សម្បត្តិ បានអោយដឹងថា « ចង់ជួបលូវបានជួបហើយតែហាមពេលចាញ់ថាអត់បានត្រៀមទុកមុនអត់បានហាត់ណាប្រាប់ទុកមុន»។ មិនខុសពីការបង្ហោះរបស់លោកគ្រូរបស់ណង សាវ នោះទេ អ្នកគាំទ្រវិស័យគុនខ្មែរ បានបញ្ចេញជាមតិយោបល់ថា« មិនខុសទេ ព្រោះអត់បានត្រៀមមែន តែទោះត្រៀមក៏ពិបាកដែរ» រីឯអ្នកខ្លះលើកឡើងថា «គាត់អត់បានត្រៀមចឹងសមតែដូរលក្ខខណ្ឌប្រគួត វ៉ៃ3ទឹកឬ5ទឹក ទេីបសាកសមជាងព្រោះ Mas fightជាជំនាញរបស់ សម្បត្តិហេីយ»។
តែយ៉ាងណាអ្នកគាំទ្រវិស័យប្រដាល់ទន្ទឹងរងចាំការប្រកួតរបស់អ្នកទាំងពីរ ខណៈអ្នកទាំងពីរធ្លាប់ជួបគ្នាម្តងកាលពី២ឆ្នាំមុន កាលនោះណង សាវ បានយកឈ្នះពេជ្រ សម្បត្តិដោយពិន្ទុ។ ដូចនេះរងចាំមើលថាប្រកួតលើកនេះ ណង សាវ អាចបន្តយកឈ្នះពេជ្រ សម្បត្តិ ឬយ៉ាងណា ខណៈដែលពេជ្រ សម្បត្តិកំពុងឡើងកូដយ៉ាងខ្លាំង៕