ប្តេជ្ញាចិត្តក្នុងការផ្តល់សន្តិសុខ និងសេវាកម្មប្រកបដោយគុណភាព ចំពោះភ្ញៀវទេសចរណ៍ចិន
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់សាជាថ្មីនូវការស្វាគមន៍ដ៏កក់ក្តៅជូនចំពោះទេសចរចិន និងការប្តេជ្ញាចិត្តក្នុងការផ្តល់សន្តិសុខ និងសេវាកម្មប្រកបដោយគុណភាព។ នេះបើយោងតាមសេចក្តីប្រកាសរួមកម្ពុជា-ចិន នៃជំនួបទ្វេភាគីរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយនឹង លោក លី ឈាង នាយករដ្ឋមន្ត្រីចិន នៅរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣…។
សេចក្តីប្រកាសរួមបានឱ្យដឹងដូច្នេះថា «នៅក្នុងជំនួបនោះ ភាគីកម្ពុជាបញ្ជាក់សាជាថ្មីនូវការស្វាគមន៍ដ៏កក់ក្តៅជូនចំពោះទេសចរចិន និងការប្តេជ្ញាចិត្តក្នុងការផ្តល់សន្តិសុខ និងសេវាកម្មប្រកបដោយគុណភាព»។ ភាគីទាំងពីរក៏ឯកភាពគ្នាបង្កើនការផ្លាស់ប្តូររវាងស្ថាប័នទេសចរណ៍ និងវប្បធម៌/ក្រសួងទទួលបន្ទុកនៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ ការអនុវត្តកម្មវិធីប្រតិបត្តិ ស្ដីពីកិច្ចសហប្រតិបត្តិការវប្បធម៌រវាងរដ្ឋាភិបាលទាំងពីរ ស្របពេលលើក ទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការរវាងវិស័យទេសចរណ៍ និងវប្បធម៌នៃប្រទេសទាំងពីរ តាមរយៈការអភិវឌ្ឍគម្រោងរួមនៃផលិតផលទេសចរណ៍ ធនធានមនុស្ស និងការគាំទ្រគ្នាទៅវិញទៅមកលើ ការផ្សព្វផ្សាយ និងទីផ្សារទេសចរណ៍ ក៏ដូចជាការគាំទ្រគ្រប់ជ្រុងជ្រោយនៅក្នុងកិច្ចប្រឹងប្រែងកសាង ស្ថាប័ន។
ភាគីទាំងពីរ ក៏បានឯកភាពបន្តអនុវត្តគម្រោងជំនួយរបស់ចិន ក្នុងការជួសជុលព្រះបរមរាជវាំងនៅអង្គរ និងជំរុញកិច្ច សហប្រតិបត្តិការក្នុងការការពារ និងការជួសជុលប្រាសាទព្រះវិហារ និងបេតិកភណ្ឌវប្បធម៌ដទៃទៀត។ ភាគីទាំងពីរ គាំទ្រសហគ្រាសដឹកជញ្ជូនតាមផ្លូវអាកាសនៃប្រទេសទាំងពីរ ដើម្បីបង្កើនជើងហោះហើរកម្ពុជា-ចិន ស្របតាមតម្រូវការទីផ្សារ ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទ្វេភាគី និងការផ្លាស់ប្ដូរមន្ត្រី៕