សហព័ន្ធកីឡាបាល់ទះកម្ពុជា បញ្ចេញបញ្ជីឈ្មោះកីឡាករ ដើម្បីទៅចូលរួមប្រកួតកីឡាទ្វីបអាស៊ី
កីឡា៖ ដើម្បីទៅចូលរួមប្រកួតកីឡាទ្វីបអាស៊ី (Asian Games) លើកទី១៩ ឆ្នាំ២០២២ (លើកមកឆ្នាំ២០២៣) នៅប្រទេសចិន សហព័ន្ធកីឡាបាល់ទះកម្ពុជា បានបញ្ចេញបញ្ជីឈ្មោះប្រតិភូ និងកីឡាករចំនួន១៥នាក់ទៅចូលរួម។
បើតាមសហព័ន្ធកីឡាបាល់ទះកម្ពុជា សមាសភាពមាន លោក អាំង សិរីសិដ្ឋ អគ្គលេខាធិការជាប្រតិភូដឹកនាំ, លោក លី ជូន គ្រូបង្គោល, លោក ហ្វ្រីអូល បារីយូស បិតតុ ជាគ្រូជំនួយ និងកីឡាករ សួន ចាន់ណារ៉ូ, កីឡាករ វឿន វាសនា, កីឡាករ ថុល រតនៈ, កីឡាករ, សឿន ហេង, កីឡាករ គួច ម៉ុម, កីឡាករ ប៊ន ណារិទ្ធ, កីឡាករ ពិន សារ៉ុន, កីឡាករ មឿន ម៉េងឡាយ, កីឡាករ ទឹម សុវណ្ណដារ៉ា, កីឡាករ ធី ម៉េងហួង, កីឡាករ មួន និមល និងកីឡាករ ឌិន ស៊ីដែន។
តែអ្វីដែលគួរឲ្យកត់សំគាល់នោះ កីឡាករគុយបាចូលសញ្ជាតិកម្ពុជា៣រូបដែលកំពុងហ្វឹកហាត់នៅប្រទេសចិនដែរនោះគឺគ្មានឈ្មោះក្នុងបញ្ជីចុងក្រោយនេះទេ។ ក្រុមកម្ពុជាស្ថិតនៅពូល C ដែលមានក្រុមខ្លាំង កូរ៉េខាងត្បូង និងឥណ្ឌា។ ការប្រកួតបើកឆាក កម្ពុជា ប៉ះ ឥណ្ឌា នៅថ្ងៃទី១៩ ខែកញ្ញា និងបន្ទាប់មកប៉ះ កូរ៉េខាងត្បូង នៅថ្ងៃទី២១ ខែកញ្ញា។
ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលនេះជ្រើសរើសយក២ក្រុមឡើងទៅវគ្គបន្ត ដូច្នេះប្រសិនបើក្រុមកម្ពុជាឈ្នះតែ១ប្រកួតក៏បានឡើងទៅកាន់វគ្គបន្តដែរ៕