រដ្ឋមន្រ្តីការងារស្នើទីភ្នាក់ងារJICAបន្តការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានដល់៧%ឡើងវិញ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រី្តក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើទៅកាន់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA) សូមបន្តអភិវឌ្ឍធនធានមនុស្សលើការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីបង្កើនកម្លាំងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានដល់អត្រា ៧% ឡើងវិញ។
ការស្នើរបស់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ខាងលើនេះ ធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក សានុយ កាហ៊្សុម៉ាសា (Sanui Kazumasa) ប្រធានទីភ្នាក់ងារ JICA នៅទីស្តីការក្រសួងការងារ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការពង្រឹងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាចំណុចគន្លឹះក្នុងការទាក់ទាញការវិនិយោគបន្ថែមមកកម្ពុជា ជាពិសេសវិនិយោគិនជប៉ុន ដែលអាចចាត់ទុកបានថាជាចំណុចគន្លឹះមួយសម្រាប់កម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងរង្វង់ ៧% ឡើងវិញនៅថ្ងៃអនាគត និងសម្រេចឱ្យបាននូវចក្ខុវិស័យក្នុងការប្រែក្លាយ «កម្ពុជាឱ្យទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០»។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រេចឱ្យបាននូវគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧។
ដូច្នេះហើយទើបឯកឧត្តម ហេង សួរ បានស្នើទៅកាន់ទីភ្នាក់ងារ JICA ដែលជាដៃគូដ៏សំខាន់របស់កម្ពុជាយូរមកហើយនោះ សូមបន្តអភិវឌ្ឍន៍ធនធានមនុស្សលើការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីបង្កើនកម្លាំងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានដល់អត្រា ៧% ឡើងវិញ។
ជាការឆ្លើយតប លោក សានុយ កាហ៊្សុម៉ាសា បានឯកភាពក្នុងការពិនិត្យសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ យ៉ាងយកចិត្តទុកដាក់ ហើយក៏បានកោតសរសើរពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារ JICA ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ។
លោកប្រធានទីភ្នាក់ងារ JICA បានសង្កត់ធ្ងន់ថា «ដើម្បីឆ្លើយតបនឹងកិច្ចសហប្រតិបត្តិការនេះ ជប៉ុនមានគម្រោងបង្កើនចំនួនបុគ្គលិកស័្មគ្រចិត្តរបស់ JICA ពី៣០នាក់ នៅឆ្នាំ២០២៣នេះ ទៅដល់៦០នាក់ នៅឆ្នាំក្រោយ»។
យ៉ាងណាក៏ដោយ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកឱ្យកាន់តែជិតស្និទ្ធ ខណៈរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុនក៏បានដំឡើងកម្រិតទំនាក់ទំនងទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅឆ្នាំ២០២៣នេះផងដែរ៕