ផលិតផលជលផលរបស់កម្ពុជា «ជើងដំបូង» ត្រូវបាននាំចេញ ទៅកាន់ទីផ្សារប្រទេសចិន

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងកសិកម្ម បានអោយដឹងថា ផលិតផលជលផលរបស់កម្ពុជា «ជើងដំបូង» ត្រូវបាននាំចេញ ទៅកាន់ទីផ្សារប្រទេសចិនហើយនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ទទួលបានការអនុញ្ញាតពីរដ្ឋបាលគយចិន។ ​

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងកសិកម្ម បានអោយដឹងថា ផលិតផលជលផលដែលបាននាំចេញទៅទីផ្សារចិន ជើងដំបូងនេះ គឺ កំពឹសទឹកសាបបង្កក និងអន្ទង់បង្កក​ ដែលជាផលិតផលជលផលធម្មជាតិ ​ដោយក្រុមហ៊ុនបានប្រមូលទិញពីប្រជានេសាទទូទៅ យកមកបង្កក ដើម្បីនាំចេញ។ ការនាំចេញផលិតផលជលផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូងនេះ គឺជាជោគជ័យមួយជំហាន​របស់កម្ពុជា។ ​

អ្នកនាំពាក្យរូបនេះ បន្ថែមថា ការងារអាទិភាពដំបូង​ គឺធ្វើយ៉ាងណារក្សានូវគុណភាព ស្របតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន ដើម្បីធានាឲ្យបានថា ផលិតផលជលផលរបស់ខ្មែរនៅតែអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបាន។ លោកជំទាវ បន្ថែមថា «ចំណែកការងារបន្ទាប់ គឺជំរុញឲ្យផលិតផលជលផលរបស់ខ្មែរ មានគុណភាពកាន់តែខ្ពស់ មានសោភណ្ឌភាពកាន់តែល្អ មានសុវត្ថិភាព និងមានរសជាតិកាន់តែឆ្ងាញ់ ក្នុងគោលដៅពង្រឹងនិងពង្រីកតម្រូវការរបស់អតិថិជននៅលើទីផ្សារប្រទេសចិន។ នៅពេលដែលសេចក្ដីត្រូវការនៅទីផ្សារចិនកើនឡើង ការនាំចេញផលិតផលជលផលពីកម្ពុជាទៅកាន់ប្រទេសចិននឹងមានកំណើន។ ចំណែកប្រជានេសាទ វារីវប្បករ​​ អ្នកចិញ្ចឹមត្រីនៅស្រុកខ្មែរ នឹងមានការងារធ្វើកាន់តែច្រើន។
តាមរយៈការជំរុញការនាំចេញផលិតផលជលផលខ្មែរទៅកាន់ទីផ្សារប្រទេសចិននេះ ក្រសួងសង្ឃឹមថា វានឹងអាចជួយបង្កើនជីវភាពបងប្អូនប្រជានេសាទនិងវារីវប្បករនៅស្រុកខ្មែរយើងឲ្យកាន់តែមានការរីកចំរើនទៅមុខ​ និងរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds