លោក សុក ស៊ីផាន់ណា៖ សេដ្ឋកិច្ចកម្ពុជា នឹងពឹងផ្អែក​ខ្លាំងទៅលើកិច្ចព្រមព្រៀងអាសិប

(ភ្នំពេញ)៖ ថ្លែងក្នុងកម្មវិធីបាឋកថា ស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា រំពឹងថា សេដ្ឋកិច្ចកម្ពុជា នឹងរំពឹងផ្អែក​ខ្លាំងទៅលើកិច្ចព្រមព្រៀងអាសិបនេះ។

លោក សុក ស៉ីផាន់ណា ក៏បានជំរុញ និងលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយអំពី​កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដល់ពាណិជ្ជករ ឬអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីស្វែង​យល់​បន្ថែមឱ្យកាន់ស៊ីជ្រៅពីអត្ថប្រយោជន៍ ផលចំណេញពាណិជ្ជកម្មទៅលើកិច្ចព្រមព្រៀងនេះ។ លោក សុក ស៉ីផាន់ណា ក៏បានឱ្យដឹងថា កិច្ចព្រមព្រៀងអាសិប គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំបំផុតលើពិភពលោក ដែលមានសមាជិកចំនួន​ ១៥ប្រទេសរួមមាន៖ ប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៥ ដូចជា៖ ប្រទេសអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់។​

លោក​សុក ស៊ីផាន់ណា លើក​ពី​ប្រយោជន៍​ដែល​កម្ពុជា​អាច​ទាញ​បាន​ពី​ការ​ក្លាយ​ជា​សមាជិក​កិច្ចព្រមព្រៀង RCEP ដែល​អាច​ពង្រីក​ទីផ្សារ​នាំ​ចេញ​កាន់​តែ​ទូលំទួលាយ​​គ្រប់​ដណ្តប់​​ទីផ្សារ​អ្នក​ប្រើប្រាស់​ជាង​​ ២,២ ពាន់​លាន​នាក់​ជាមួយ​ទំហំ​ពាណិជ្ជកម្ម​ដោះដូរ​ជាង ២៦ ទ្រីលាន​ដុល្លារ។

ផ្អែកតាមលទ្ធផលនៃការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បាន​បង្ហាញថា កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំការនាំចេញចំនួន ៧,៣% វិនិយោគចំនួន ២៣,៤% និងផលិតផល ក្នុងស្រុកសរុបចំនួនប្រមាណ ២%។

កម្ពុជា ទទួលបានភាពអនុគ្រោះពន្ធពីកិច្ចព្រមព្រៀងនេះលើទំនិញសំខាន់ៗជាច្រើន មានដូចជា៖ ទំនិញកសិកម្ម រួមមាន៖ គ្រាប់ស្វាយចន្ទី, ពោត, ដូង, ស្វាយស្រស់, ចេក, ដំលូងជ្វា, ទឹកឃ្មុំ, ម្សៅ រមៀត, ក្រូច, ល្ហុង, ផ្លែផាសិន, ខ្ទឹម, ត្របែក, ស្រកានាគ, ទុរេន។ទំនិញកសិកម្មកែច្នៃ រួមមាន៖ គុយទាវ, នំក្រៀម, សំបុកត្រចៀកកាំ, ទំនិញកែច្នៃពីត្រី, ម្សៅដំឡូង មី, ទំនិញកែច្នៃពីដូង, ប្រេងសណ្តែកដី, សាច់ក្រក, ទឹកម្ទេស, ដំណាប់ចេក, ដំណាប់ស្វាយ, ដំណាប់ទុរេន, មីកញ្ចប់។

ដោយឡែកទំនិញក្នុងវិស័យឧស្សាហកម្មរួមមាន៖ កង់, សំលៀកបំពាក់, ស្បែកជើង, គ្រឿងបង្គុំអេឡិចត្រូនិក, ខ្សែកាប អេឡិចត្រូនិកអគ្គិសនី, គ្រឿងសង្ហារឹម, ស្ករស, ស្ករអំពៅ, កាបូបយួរដៃ, វ៉ាលី, ខ្សែភ្លើង, សម្ភារកីឡា, ជ័រកែច្នៃ, សំបកថ្នាំពេទ្យ, ជ័រកៅស៊ូធម្មជាតិរាវ, កៅស៊ូក្នុងទម្រង់បន្ទះ, កៅស៊ូឡាតិច, ក្រណាត់ ក្រាល និងកំទេចឈើកែច្នៃ ជាដើម៕

អាចជារូបភាពនៃ 1​ នាក់ និង ជើងតម្កល់អាចជារូបភាពនៃ 2 នាក់, សំលៀកបំពាក់ឈុត និង ប​ន្ទប់ផ្សាយព័ត៌មាន

អាចជារូបភាពនៃ 1​ នាក់ និង ជើងតម្កល់

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds