សុខ ស៊ីផាន់ណា៖ កត្តា៣ ដែលធ្វើអោយអាស៊ី ក្លាយជាទិសដៅនៃការប្រកួតប្រជែងពាណិជ្ជកម្មនៅលើពិភពលោក
ភ្នំពេញ៖ ថ្លែងក្នុងកម្មវិធីបាឋកថា ស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា អះអាងថា កត្តាសំខាន់ៗចំនួន៣ ដែលនាំឱ្យតំបន់អាស៊ី ក្លាយជាទិសដៅនៃការប្រកួតប្រជែងពាណិជ្ជកម្មនៅលើពិភពលោក។
ទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ បានថ្លែងថា ហេតុផលសំខាន់ៗចំនួន៣ ដែលធ្វើឱ្យតំបន់អាស៊ី ក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការប្រកួតប្រជែង គឺរួមមាន៖ ទី១. អាស៊ី ជាតំបន់ដែលមានកំណើនខ្ពស់ ជាមួយនឹងទីផ្សារកំពុងរីកចម្រើន ទី២. អាស៊ី ជាប្រភពសំខាន់នៃវត្ថុធាតុដើម និងទី៣. ឥទ្ធិពលរបស់អំណាចចិន។
ជាមួយគ្នានេះដែរលោកទេសរដ្ឋមន្ត្រី បានអោយដឹងបន្ថែមថា តំបន់អាស៊ី គឺជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការប្រកួតប្រជែងជំនាន់ថ្មី មិនថាតែក្របខណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ឬ កិច្ចព្រមព្រៀងសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP)។ ស្ថិតក្នុងបរិបទបច្ចុប្បន្ន តំបន់អាស៊ី កំពុងក្លាយជាគោលដៅដ៏សំខាន់នៃការប្រកួតប្រជែងរបស់ប្រទេសធំៗនៅលើពិភព លោក ទាំងលើទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច៕