អធិការស្រុកស្រែអំបិល ច្រានចោលព័ត៌មានដែលថាលោកយកថវិកាប្រចាំខែជាថ្នូរមិនបង្រ្កាបល្បែងអនឡាញខុសច្បាប់
កោះកុង៖ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានថាអធិការស្រុកស្រែអំបិល លោក ដូង វណ្ណា ថាបានយកថវិកាប្រចាំខែជាថ្នូរមិនបង្រ្កាបល្បែងអនឡាញក្នុងមូលដ្ឋាន អធិការស្រុកប្រកាសច្រានចោលចំពោះការចោទប្រកាន់នេះ ខណៈលោកថា ការបើកទីតាំងលេងល្បែងជល់មាន់ និងឆ្នោតឡូតូតាមអនឡាញខុសច្បាប់ ចាំបាច់ត្រូវតែទប់ស្កាត់ និងបង្រ្កាប ស្របទៅតាមបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកោះកុង។
លោកវរសេនីយ៍ទោ ដូង វណ្ណា អធិការស្រុកស្រែអំបិល បានអះអាងនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ថា រូបលោកបានចាត់កម្លាំងចុះអប់រំណែនាំ និងបង្រ្កាបទីតាំងលេងល្បែងអនឡាញចំនួន១កន្លែងស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិល ដោយឃាត់ខ្លួនមនុស្ស២នាក់ និងដកហូតវត្ថុតាងសម្ភារៈមួយចំនួន មកកាន់អធិការដ្ឋានធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពបន្តទៅទៀត។
អធិការរូបនេះបន្ថែមថា ការអនុវត្តវិធានការរដ្ឋបាល ឬច្បាប់សុទ្ធតែមានការគាំទ្រពីគណៈបញ្ជាការឯកភាពស្រុក ទើបចុះអប់រំណែនាំបង្រ្កាបឱ្យបានទាន់ពេលវេលា។ បើតាមលោកអធិការស្រុកស្រែអំបិល លោកមិនលែងឡើយចំពោះទីតាំងបង្កើតល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ហើយស្នើសុំប្រជាពលរដ្ឋមេត្តាជួយផ្តល់ព័ត៌មានមកកាន់សមត្ថកិច្ច ដើម្បីមានវិធានការច្បាប់តាមរយៈការផ្តល់ខិតបណ្ណភ្ជាប់មួយលេខទូរស័ព្ទ២៤ម៉ោងលើ២៤ម៉ោង៕