ព្រឹកនេះ ត្រីភាគី បន្តបើកកិច្ចប្រជុំលើកទី ៤ កំណត់ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ ២០២៤
ភ្នំពេញ៖ ដូចការគ្រោងទុកនៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី ៣ រួមមានភាគីរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីព នឹងបន្តបើកកិច្ចប្រជុំលើកទី ៤ ដើម្បីកំណត់ប្រាក់ឈ្នួលកម្មករឆ្នាំ ២០២៤ ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
នេះជាលើកទី ៤ ហើយ ខណៈលើកទី ១ ត្រីភាគី បានរៀបចំប្រជុំនៅថ្ងៃទី ១៦ សីហា លើកទី ២ នៅថ្ងៃទី ២៨ សីហា និងលើកទី ៣ នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៣ ក្នុងនោះភាគីនីមួយៗ បានឈានដល់ការដាក់តួលេខរៀងៗខ្លួន ដោយភាគីនិយោជកដាក់ចំនួន ១ ដុល្លារបន្ថែមលើប្រាក់ឈ្នួលបច្ចុប្បន្ន ២០០ ដុល្លារ ក្នុងមួយខែ ខណៈភាគីសហជីពដាក់ ១៥ ដុល្លារ។ ចំណែកភាគីរាជរដ្ឋាភិបាល មិនទាន់ដាក់តួលេខនៅឡើយទេ៕