មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ទីផ្សារនិងតម្លៃស្រូវនៅតែល្អសម្រាប់កសិករ បើទោះបីធ្លាក់បន្តិចក្តី
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា ទីផ្សារនិងតម្លៃស្រូវនៅតែល្អសម្រាប់កសិករ សម្រាប់ឆ្នាំ២០២៣ បើប្រៀបធៀបទៅឆ្នាំកន្លងទៅ។ ការបញ្ជាក់បែបនេះ បន្ទាប់ពីកសិករមួយចំនួននៅខេត្តបាត់ដំបងបានត្អូញត្អែពីតម្លៃស្រូវធ្លាក់ចុះពី ១ ៣០០/គីឡូក្រាម មកនៅ ១ ១០០/គីឡូក្រាមនារយៈពេលប៉ុន្មានថ្ងៃនេះកន្លងមកនេះ។
តាមរយៈទំព័រហ្វេសបុករបស់លោកយ៉ង់ សាំងកុមារ នៅថ្ងៃទី ០៧ ខែកញ្ញានេះ បានអោយដឹងថា ទីផ្សារនិងតម្លៃស្រូវនៅតែល្អសម្រាប់កសិករ។ លោកថា «ស្ថានភាពតម្លៃស្រូវនៅតែល្អសម្រាប់កសិករនាពេលបច្ចប្បន្ននេះជាពិសេសបើធៀបទៅនឹងឆ្នាំ ២០២២ ក្នុងពេលវេលាដូចគ្នា (តម្លៃនៅខ្ពស់ជាង ១០០០ រៀលក្នុងមួយគីឡូ ដែលឆ្នាំទៅចន្លោះពី ៨០០ ទៅ ៩០០ រៀលក្មុងមួយគីឡូសម្រាបពូជ OM) បើទោះបីជារយ:ពេល ២ ឬ ៣ ថ្ងៃចុងក្រោយនេះមានការធ្លាក់ថ្លៃបន្តិចបន្តួចនៅតាមតំបន់មួយចំនួនក៏ដោយ។ ម្យ៉ាងវិញទៀតឈ្មួញទិញលក់ទៅវៀតណាមនៅតែបន្តចូលមកទិញស្រូវដូចធម្មតា ហើយរោងម៉ាស៊ីនក្នុងស្រុកក៏នៅបន្តទិញស្រូវដែរ»។
លោកបន្ថែមថា «យើងកំពុងធ្វើការណែនាំដល់កសិករឲ្យទុកស្រូវឲ្យបានទុំល្អចាំច្រូត ដើម្បីទទួលបានតម្លៃល្អ ហើយរោងម៉ាស៊ីនក៏បានស្រូវល្អសម្រាប់កែច្នៃជាអង្ករ។ ការសម្របសម្រួលឲ្យមានការសហការគ្នាល្អរវាងកសិករនិងកសិករ និងរវាងសហគមន៍កសិករនិងរោងម៉ាស៊ីនជាយុទ្ធសាស្រ្តវែងឆ្ងាយរបស់យើងក្នុងការពង្រីកទីផ្សារនិងរក្សាលំនឹងថ្លៃស្រូវអង្ករជូនកសិករនិងពាក់ព័ន្ធ»។
សូមបញ្ជាក់ផងដែរថា មន្ត្រីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី អ៊ឹម រចនា បានឱ្យដឹងនៅថ្ងៃទី ០៧ ខែកញ្ញានេះថា ថ្លៃស្រូវនៅកម្ពុជាក្នុងចន្លោះ ១ ១០០រៀល-១ ២០០រៀល/គីឡូក្រាម ជាតម្លៃមួយខ្ពស់ជាងតម្លៃដែលកសិករធ្លាប់លក់បាននាឆ្នាំកន្លងមក។ ការលក់ស្រូវចេញក្នុងតម្លៃជាង ១ ០០០រៀល/គីឡូក្រាម នាពេលនេះ កសិករនៅតែអាចទទួលបានប្រាក់ចំណេញដដែល បើទោះបីជាមិនចំណេញច្រើនដូចកាលពីប៉ុន្មានសប្ដាហ៍មុនក៏ដោយ។ លោកស្រីបញ្ជាក់ តម្លៃស្រូវបច្ចុប្បន្ន មិនទាន់ដល់ពេលក្រសួងកសិកម្ម ចេញអន្តរាគមន៍នោះទេ ខណៈកសិករនៅតែលក់ចំណេញ មិនខាតនោះទេ៕