រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ប្រាប់ទូតជប៉ុនថា អាណត្តិទី៧នេះ ក្រសួងយកចិត្តទុកដា​ក់ទៅលើការ​ងារប្រយុ​ទ្ធប្រឆាំងគ្រឿងញៀន និងបញ្ហាផ្សេងៗទៀត

ភ្នំពេញ ៖ ថ្លែងប្រាប់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាឱកាសសម្ដែងការគួរសម នារសៀលថ្ងៃ៤ កញ្ញា លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងអាណត្តិទី៧នេះ ក្រសួងមហាផ្ទៃបានយកចិត្តទុកដា​ក់ទៅលើការ​ងារប្រយុ​ទ្ធប្រឆាំងគ្រឿងញៀន ពង្រឹងសមត្ថភាពចរាចរណ៍ ការទប់ស្កាត់នូវអំពើចោរកម្ម និងបទល្មើសផ្សេងៗទៀត។

លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានប្រាប់ឯកអគ្គរាជទូតជប៉ុន នូវការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រ​ប​ស់​រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ លោកថា «កិច្ចការសំខាន់ដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ហើយ​ក្រ​សួងមហាផ្ទៃផ្តោតការយកចិត្តទុកដាក់ សម្រាប់អាណត្តិទី៧នេះ រួមមាន៖ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការពង្រឹងនូវសមត្ថភាពចរាចរណ៍ ការទប់ស្កាត់នូវអំពើចោរកម្ម និងអំពើល្មើសផ្សេងៗ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ ក៏ដូចជា ការខិតខំពង្រឹងការគ្រប់គ្រងសុវត្ថិភាព និងការពារតាមព្រំដែនផងដែរ»។

ជាការឆ្លើយតប លោកឯកអគ្គរាជទូតជប៉ុនថា រដ្ឋាភិបាលជប៉ុន ក៏បានផ្តោតការយកចិត្តទុកដាក់​ចំពោះយុទ្ធសាស្ត្រប​ញ្ចកោណ​ដំ​ណា​ក់​កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាផ្សារភ្ជាប់អ្វីដែលជាការគាំទ្រពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុន មកលើយុទ្ធសាស្ត្រ និងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកអគ្គរាជទូតជប៉ុនបន្តថា កិច្ចការដែលក្រសួងមហាផ្ទៃបានផ្តោត ក៏ស្របទៅនឹងកិច្ចការសមត្ថកិច្ចរបស់នគរបាលជប៉ុន ។ កិច្ចការនេះ​នឹងចូលរួមចំណែកក្នុងកិច្ចស​ហប្រតិបត្តិការរវាង​កម្លាំងអនុវត្ត​ច្បាប់​នៃ​ប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ក្នុងជំនួបនេះដែរ បណ្ឌិត ស សុខា និងឯកអគ្គរាជទូតជប៉ុន ក៏បានពិភាក្សា ព្រមទាំងផ្លាស់ប្តូរយោបល់​លើកិច្ចកា​រងារ​មួយ​ចំនួនទៀត រួមមាន៖ ការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ការលើកម្ពស់ការផ្តល់សេវាក្នុងពន្ធនាគារ ព្រមទាំងជំរុញ​និងអភិ​វឌ្ឍ​ន៍​ទីក្រុងឆ្លាតវៃស្របតាមបរិបទ នៃការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds