លោក ហ៊ុយ វណ្ណៈ ស្នើឱ្យយកច្បាប់របបសារព័ត៌មានទៅដោះស្រាយជាមួយអ្នកកាសែត ជាជាងយកក្រមព្រហ្មទណ្ឌ
បន្ទាប់ពីមានអ្នកកាសែតបានលើកជាសំណើទៅកាន់ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា រឿងតុលាការមិនប្រើច្បាប់ស្តីពីរបបសារព័ត៌មាន ទៅចាត់ការចំពោះអ្នកកាសែត លោក ហ៊ុយ វណ្ណៈ បានសំណូមពរឱ្យតុលាការយកច្បាប់ស្តីពីរបបសារព័ត៌មានទៅប្រើជាចំណាត់ការ ប្រសើរជាងយកក្រមព្រហ្មទណ្ឌដោះស្រាយសម្រាប់អ្នកសារព័ត៌មាន។
តាមសំណេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី០១ ខែកញ្ញា លោក ហ៊ុយ វណ្ណៈ បានអោយដឹងថា ការប្តឹងចង់តែឈ្នះ ចាញ់ ដូច្នេះ ម្ចាស់បណ្តឹងបានរកមេធាវីរកច្បាប់ណាដែលធ្ងន់ ដើម្បីប្តឹងទៅតុលាការ។ ក្នុងដំណាក់កាលនេះ តុលាការក៏មានតួនាទីផ្សះផ្សារក្នុងដំណើក្តីដូចគ្នា។
លោកថា “ខ្ញុំសំណូមពរជាចំហរ សូមឱ្យយកច្បាប់ស្តីពីរបបសារព័ត៌មានមកប្រើ ដែលជាមូលដ្ឋានដំណោះស្រាយដ៏ល្អបំផុត។ ផ្ទុយទៅវិញ បើនៅតែព្រងើយកន្តើយ មិនប្រើច្បាប់ស្តីពីរបបសារព័ត៌មាន ហើយបែរជាយក ក្រមព្រហ្មទណ្ឌ ជាប់គុកជាប់ច្រវ៉ាក់ មកអនុវត្តលើករណីអ្នកកាសែត នោះគឺជាការបំពានដ៏អាក្រក់ ទាំងលើទិដ្ឋភាពច្បាប់ដែលមាន និងសេរីភាពជាសកលរបស់សារព័ត៌មាន”។
លោកបានបញ្ចាក់ថា បញ្ហាមួយចំនួនមិនបាច់ឈានដល់ការដាក់គុកនោះទេ រឿងខ្លះអាចពន្យល់ឱ្យទទួលស្គាល់ពីកំហុស ឬ ឱ្យសូមទោស និងធ្វើការកែតម្រូវ ដើម្បីសម្របសម្រួលគ្នា កុំឱ្យមានបញ្ហាវែងឆ្ងាយជាមួយគ្នា។ លោកថា លោកនឹងប្រគល់ភារកិច្ចនេះ ឱ្យទៅសម្ព័ន្ធសមាគមកាសែត ដើម្បីធ្វើ និងកែលម្អបញ្ហានេះ ជាប្រយោជន៍ដល់សង្គមជាតិ៕