ព្រះមហាក្សត្រថៃ បន្ធូរបន្ថយទោសរបស់លោក ថាក់ស៉ីន ពី៨ឆ្នាំ មកនៅត្រឹមតែ ១ឆ្នាំ

បាងកក៖​ បន្ទាប់ពីអតីតមេដឹកនាំថៃលោកថាក់ស៊ីន បានដាក់សំណើជាផ្លូវការ ដើម្បីស្នើសុំ​ការលើកលែងទោសពី​ព្រះមហា​ក្ស​ត្រ​ កាលពីថ្ងៃព្រហស្បតិ៍ នៅថ្ងៃសុក្រនេះ ព្រះមហាក្សត្រថៃ ព្រះបាទ មហាវិច្ឆិរ៉ា ឡុងកន បានសម្រេចព្រះទ័យ​បន្ធូរបន្ថយទោ​សជា​ប់​ព​ន្ធ​នា​គាររបស់អតីតនាយករដ្ឋមន្រ្តីថៃ ពី៨ឆ្នាំ មកនៅត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ។ នេះបើ​តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP​ នៅថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងសេចក្តីថ្លែងការណ៍នោះ បានគូសបញ្ជាក់ថា លោកអតីតនាយករដ្ឋមន្រ្តីថៃ បាន​ទទួលយកបទឧក្រិដ្ឋរបស់លោក ហើយរូបលោ​កបានបង្ហាញ ការសោកស្តាយជាខ្លាំង។ លោក ថាក់ស៊ីន កំពុងឈឺថ្កាត់ផងដែរ។ លោក ថាក់ស៊ីន ត្រូវបានតុលាការផ្តន្ទាទោស​ដាក់​ពន្ធនាគាររយៈពេល៨ឆ្នាំ សម្រាប់បទល្មើសរំលោភអំណាច និងទំនាស់ផលប្រយោជន៍ បន្ទាប់ពីរូបលោកបានវិលត្រ​ឡប់ម​កកាន់​ប្រ​ទេ​ស​ថៃវិញ កាលពីសប្តាហ៍មុន ក្រោយការរស់នៅនិរទេសខ្លួន អស់រយៈពេល១៥ឆ្នាំ។ លោក ថាក់ស៊ីន ធ្លាប់កាន់តំណែងជា​នាយ​ក​​រ​ដ្ឋមន្រ្តីថៃ កាលពីចន្លោះឆ្នាំ២០០១-២០០៦។

ភ្លាមៗក្រោយមកដល់ព្រលានយន្តហោះ កាលពីថ្ងៃទី២២ ខែសីហា និងជួបជុំគ្រួសារបានមួយរយៈពេលខ្លី លោក ថាក់ស៊ីន ​ត្រូវបានប៉ូលិសនាំខ្លួនទៅកាន់តុលាការ ហើយត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារតែម្តង។ យ៉ាងណាមិញ យប់ថ្ងៃដដែលនោះ ​រូបលោកត្រូវ​បានបញ្ជូនចេញទៅកាន់មន្ទីរពេទ្យប៉ូលិសមួយកន្លែង ដោយសារបញ្ហាសុខភាព៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds