កុំចេះតែហ៊ាន សិស្សគេចសាលា មិនចូលរៀន ត្រូវសមត្ថកិច្ចដើរប្រមូលមកអប់រំ ហៅឪពុកម្តាយមកធានា
ខេត្តសៀមរាប ៖ សមត្ថកិច្ច នៃអធិការនគរបាលស្រុកសូទ្រនិគម ដឹកនាំដោយលោក វរសេនីយ៍ឯក ឃឹម ផល្លា អធិការនគរបាលស្រុក បានដើរប្រមូលសិស្ស ដែលគេចពីសាលាមកផ្តុំគ្នា លេងទូរស័ព្ទ ឬអង្គុយលេង ក្នុងហាងជិតសាលាមិនព្រមចូលរៀនឱ្យធ្វើកិច្ចសន្យា និងឱ្យឪពុកម្តាយមកធានាយកទៅវិញ។ ហេតុការណ៍នេះធ្វើឡើងព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិសាស្ត្រឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ឃឹម ផល្លា អធិការនគរបាលស្រុកបានប្រាប់ថា កម្លាំងរបស់លោក សហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលដំដែក និងប្រជាការពារ ដឹកនាំដោយលោកផ្ទាល់ បានចុះសហការជាមួយលោកនាយកសាលា និងចុះប្រមូលសិស្សដែលគេចសាលា មិនព្រមចូលរៀន នាំគ្នាទៅសម្ងំតាមកញ្ចុះលេងហ្គេមតាមទូរសព្ទ័ ជក់បារី និងផឹកភេសជ្ជៈជុំគ្នានិយាយលេងនៅបរិវេណខាងក្រៅសាលា ។
លោកបានបន្ថែមថា សមត្ថកិច្ចយើងបានប្រមូលសិស្សទាំងនោះយកទៅធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ។ នៅចំពោះមុខអាណាព្យាបាល និងសមត្ថកិច្ច សិស្សទាំងអស់នោះបានឆ្លើយសារភាពថា ពួកគេពិតជាបានគេចសាលា មិនចូលរៀន ហើយនាំគ្នាទៅអង្គុយលេងហ្គេម និងលេងទូរសព្ទ័ ព្រមទាំងនិយាយគ្នាលេងនៅក្រៅសាលាពិតប្រាកដមែន ។
ដោយសហការជាមួយអាណាព្យាបាល សមត្ថកិច្ចយើងក៏បានធ្វើតេស្ដទឹកនោមស្វែងរកសារធាតុញៀន ជាលទ្ធផល«អវិជ្ជមាន»។ បន្ទាប់មក សមត្ថកិច្ចយើងបានធ្វើការអប់រំណែនាំ ឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងអនុញ្ញាតឱ្យអាណាព្យាបាលធ្វើលិខិតធានាយកពួកគាត់ត្រឡប់ទៅគេហដ្ឋានវិញ ដើម្បីអប់រំបន្ត៕