ពិតជាអស្ចារ្យ!! ក្រោយដឹងថាប្រាសាទទាំង១៥ ប្រើរយះយូក្នុងនោះមានអង្គរវត្តខ្មែរផងដែល
មនុស្សជាតិពីសម័យកាលមួយ ទៅសម័យកាលមួយ នៃប្រទេសនានាលើពិភពលោក តែងតែព្យាយាមសាងសង់សំណង់ជាច្រើន ដើម្បីបន្សល់ទុកស្នាដៃជាច្រើនដល់មនុស្សជំនាន់ក្រោយឱ្យបានស្គាល់ និងយល់ដឹង។ ដោយសំណង់មួយចំនួន ត្រូវបានគេដឹងថា ភាគច្រើនសាងសង់ឡើងដើម្បីតំណាងឱ្យសិល្បៈវប្បធម៌អរិយធម៌របស់ប្រទេសនីមួយៗ សំណង់ខ្លះដើម្បីឧទ្ទិសដល់សាសនា រម្លឹកដល់បុគ្គលល្បីៗមានស្នាដៃ ឯសំណង់ខ្លះទៀតគឺបម្រើឱ្យវិស័យនយោបាយ និងដើម្បីជំរុញទឹកចិត្តអ្វីមួយជាដើម។
ទោះជាយ៉ាងនេះក្តីសំណង់អស្ចារ្យទាំងនោះមិនមែនងាយស្រួលសាងសង់ឡើយ ដោយសំណង់ខ្លះប្រើពេលរាប់រយ ឬដល់ពាន់ឆ្នាំឯណោះ ទៅតាមទំហំ និងការរចនាបថផ្សេងៗដាច់ដោយឡែកពីគ្នា។
ដូច្នេះថ្ងៃនេះយើងខ្ញុំ នឹងលើកឡើងពីរយៈពេលសាងសង់របស់សំណង់អគារដ៏អស្ចារ្យទាំង ២០នៅលើលោក ក្នុងនោះក៏មានប្រាសាទអង្គរវត្តប្រទេសកម្ពុជាយើងដែរ៖
១. The Coliseum ទីក្រុងរ៉ូម
សំណង់អគារមួយនេះ គឺជាសំណង់ដែលមានភាពល្បីល្បាញមួយរបស់រ៉ូម៉ាំង ដែលត្រូវបានគេដឹងថាប្រើពេលសាងសង់រយៈពេល ១០ឆ្នាំ គឺចាប់ពីឆ្នាំ ៧០ ដល់ឆ្នាំ ៨០ សម្រាប់ធ្វើជាកន្លែងប្រារព្ធពិធីជួបជុំក្រុមយោធា ដែលអាចផ្ទុកចំនួនមនុស្សបានប្រមាណជា ៥ម៉ឺននាក់ ទៅ ៨ម៉ឺននាក់។ អគារនេះមានប្រវែងជាង ១៨៨ម៉ែត្រ និងកម្ពស់ ជាង ៤៨ម៉ែត្រ ដែលជាសំណង់អគារដ៏ល្អអស្ចារ្យមួយមួយផងដែររបស់អ៊ីតាលី ថែមទាំងមានបន្ទប់ក្រោមដីក្នុងអគារនេះទៀតផង។
២. ប្រាសាទ The Parthenon
អគារដ៏ល្បីល្បាញមួយនេះបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំទី ៥មុនគ.ស រហូតដល់ឆ្នាំទី ១២ នៃគ.ស ដែលប្រើពេលអស់រយៈពេល ១៧ ឆ្នាំ ដើម្បីឧទ្ទិសថ្វាយដល់ព្រះមួយអង្គព្រះនាម ព្រះនាង Athena ។ សំណង់អគារប្រាសាទដ៏ល្អឥតខ្ចោះមួយនេះ សាងសង់នៅលើភ្នំ Acropolis ស្ថិតនៅក្នុងទីក្រុង Athens ប្រទេសក្រិច ។
៣. អគារទ្រេត The Leaning Tower of Pisa
សំណង់អគារទ្រេតដែលមានភាពល្បីល្បាញរហូតដល់សព្វថ្ងៃនេះ ស្ថិតនៅក្នុងទីក្រុង Pisa ប្រទេសអ៊ីតាលីដែលប្រើពេលសាងសង់ដល់ទៅ ១៩៩ឆ្នាំ ដោយស្ថាបត្យករលោក Bonnano Pisano ដោយដំបូងឡើយគ្មានបំណងសាងសង់ជារាងទ្រេតបែបនេះទេ តែតួអគារស្រាប់តែទ្រេតដោយសារតែដីទន់នៅតំបន់នោះ។ រហូតដល់សព្វថ្ងៃអគារនេះមានមុំទ្រេត ៣.៩៩ដឺក្រ និងមានដណ្តើរឡើងទៅអគារនេះពីទាបទៅខ្ពស់បំផុតចំនួន ២៩៧កាំ។
៤. ព្រះវិហារ St. Peter’s Basilica
ព្រះវិហារដ៏អស្ចារ្យនេះស្ថិតនៅក្នុង ប្រទេសវ៉ាទីកង់ (អតីតជាទីក្រុងរួមគ្នារបស់រ៉ូម ប្រទេសអ៊ីតាលី) ដែលប្រើពេលសាងសង់រយៈពេល ១៤៤ឆ្នាំ គិតតាំងពីស.វទី៤ ដោយអធិរាជរបស់រ៉ូម៉ាំងព្រះនាម Constantine។ នៅលើជញ្ជាំងវិហារមួយនេះមានគំនូរពិចិត្រៗSistine Chapel ជាច្រើនផ្ទាំង ដែលគូរដោយវិចិត្រករដ៏ល្បីល្បាញគឺលោក Michelangelo។ ហើយអគារមួយនេះក៏មានផ្នូរសាកសពជាង ១០០ បញ្ចុះនៅក្នុងព្រះវិហារនេះផងដែរ។
៥. ប្រាសាទ The Great Pyramid of Giza
សំណង់អគាររាងពីរ៉ាមីតដ៏អស្ចារ្យជាងគេមួយនេះស្ថិតនៅក្នុងតំបន់វាលខ្សាច់ប្រទេសអេហ្ស៊ីប ដែលបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ២៥៨០មុនគ.ស រហូតដល់ឆ្នាំ ២៥៦០មុនគ.ស អស់រយៈពេល២០ឆ្នាំ។ សំណង់ដ៏ធំមួយនេះប្រើប្រាស់កម្មករជាទាសកររាប់រយរាប់ពាន់នាក់ ជាពិសេសគឺវិស្វករពូកែជាច្រើនរូបផងដែរ សាងសង់ដើម្បីថ្វាយព្រះចៅផារ៉ាអុងព្រះនាម Khufu ។
៦. សំណង់ Sacsayhuaman
សំណង់មួយនេះស្ថិតនៅក្នុងទីក្រុង Cuzco ប្រទេសប៉េរ៉ុ សាងសង់ឡើងអស់រយៈពេល ៦៣ឆ្នាំនៅក្នុងសម័យចក្រភព Incas បុរាណ។ សំណង់ដ៏ល្អអស្ចារ្យមួយនេះ មិនត្រូវបានកសាងឡើងដោយប្រើដុំថ្មផ្សេងៗតម្រៀបបន្តុបលើគ្នានោះទេ តែវាបែរជាត្រូវបានដាប់ឆ្លាក់ចេញពីដុំថ្មធំហាប់ណែនមួយទៅវិញ។ បើប្រៀបធៀបពីបច្ចេកវិទ្យាសម័យនោះ និងបច្ចុប្បន្ន ពិតជានឹកស្មានមិនដល់ទេថា សម៍យនោះមានបច្ចេកទេសសាងសង់សំណង់អគារដ៏ពិសេសអស្ចារ្យមួយនេះសោះ។
៧. អគារ St. Basil’s Cathedral
អគារដែលមានពណ៌ស្រស់ឆើតឆាយដ៏ពិសេសមួយនេះ គឺជាអគារដែលតំណាងឱ្យប្រទេសរុស្ស៊ី ស្ថិតនៅក្នុងទីក្រុងមូស្គូ ដោយចាប់ផ្តើមសាងសង់ឡើងចាប់ពីឆ្នាំ ១៥៥៥ និងបញ្ចប់ការសាងសង់ប្រើពេលអស់ដល់ទៅរយៈពេល ១២៣ឆ្នាំ។ អគារនេះផងដែរ ត្រូវបានស្ថាបនាដោយស្ថាបត្យករ២រូប គឺលោក Barma និង Postnik។
៨. ចេតិយប្រាសាទ The Taj Mahal
រាជវាំងនេះត្រូវបានបញ្ជាសាងសង់ដោយអធិរាជ Mughal ព្រះនាម Shah Jahan ដើម្បីបញ្ចុះសាកសព និងឧទ្ទិសថ្វាយមហេសីទី៣ជាទីស្រលាញ់របស់ទ្រង់ព្រះនាម Mumtaz Mahal ដោយដាក់ឈ្មោះថា Taj Mahal។ រាជវាំងនេះចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ១៦៣២ និងប្រើពេលសាងសង់រយៈពេល ២១ឆ្នាំ ដោយប្រើកម្មករដល់ទៅជាង ២ម៉ឺននាក់។
៩. ព្រះវិហារ The York Minster Cathedral
អគារព្រះវិហារសាសនាកាតូលិកមួយនេះ គឺជាសំណង់ដ៏ធំអស្ចារ្យមួយនៅក្នុងមជ្ឈឹមសម័យ(អំឡុងស.វទី៥ ដល់ទី១៥) ដោយប្រើពេលសាងសង់ដល់ទៅ ២៥២ឆ្នាំ ចាប់ពីឆ្នាំ ១២២០ ដល់ឆ្នាំ ១៤៧២។ ព្រះវិហារនេះផងដែរ គឺជាសំណង់អគារមួយដែលមានការតុបតែងជាកញ្ចក់លក្ខណៈទ្រង់ទ្រាយធំជាងគេនៅផ្នែកខាងក្នុងអគារទៀតផង។
១០. ប្រាសាទ Chichen Itza
សំណង់អគារវប្បធម៌ជនជាតិម៉ាយ៉ានមួយនេះស្ថិតនៅក្នុងប្រទេសអាមេរិចខាងត្បូង ដែលប្រើពេលសាងសង់ដល់ទៅ ៤០០ឆ្នាំ គិតចាប់ពីឆ្នាំ ៦០០ រហូតដល់ឆ្នាំ ១០០០។ អគារនេះ ត្រូវបានគេដឹងថាជាសំណង់រាងពីរ៉ាមីតដ៏អស្ចារ្យជាងគេមួយផងដែរ ពិសេសរាល់ពេលត្រូវពន្លឺថ្ងៃវាថែមទាំងចាំងស្រមោលជារាងសត្វពស់ មើលទៅគួរឱ្យស្ងប់ស្ញែង និងមានអាថ៌កំបាំងបំផុត។
១១. ព្រះវិហារ St. Paul’s Cathedral
សំណង់អគារសាសនាកាតូលិកបែបបុរាណដ៏អស្ចារ្យមួយនេះ ស្ថិតនៅក្នុងទីក្រុងឡុង៍ ចក្រភពអង់គ្លេស ហើយចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ១៦៧៥ (ឯកសារខ្លះថាសាងសង់រយៈពេល ៣០ឆ្នាំ និងឯកសារខ្លះថាសាងសង់រយៈពេលដល់ទៅ៤០ឆ្នាំ) ដោយស្ថាបត្យករលោក Sir Christopher Wren ។ អគារនេះត្រូវបានគេហៅថាជាសាលខ្សឹបខ្សៀវទៀតផង នោះក៏ដោយសារតែរាល់ពេលអ្នកនិយាយខ្សឹបតិចៗទៅផ្នែកម្ខាងនៃជញ្ជាំងវានឹងផ្លាតសំឡេងខ្សឹបរបស់អ្នកត្រលប់មកវិញនៅជញ្ជាំងម្ខាងទៀតយ៉ាងអស្ចារ្យបំផុត។
១២. រាជវាំង Buckingham
រាជវាំងមួយនេះគឺជាព្រះរាជដំណាក់របស់គ្រួសាររាជវង្សអង់គ្លេស ដោយវាមានឈ្មោះដើមថា Buckingham House។ រាជវាំងមួយនេះប្រើពេលសាងសង់រយៈពេល ២៣ឆ្នាំ គិតចាប់ពីឆ្នាំ ១៧០២ មក ដោយស្ថាបត្យករលោក John Nash និងលោក Sir Aston Webb បានកែប្រែរចនាផ្នែកខាងមុខរាជវាំងបន្ថែមទៀតនៅក្នុងឆ្នាំ ១៩១៣។ នៅក្នុងនោះគេបានរកឃើញថាម្ចាស់ក្សត្រី Victoria គឺជាអ្នកដែលរស់នៅក្នុងរាជវាំងនេះដំបូងគេ ហើយសព្វថ្ងៃវាគឺជារាជវាំង និងព្រះរាជដំណាក់ជាផ្លូវការរបស់ម្ចាស់ក្សត្រី Elizabeth ទី២។
១៣. អង្គរវត្ត
អង្គរវត្ត គឺជាសំណង់អច្ឆរិយដ៏អស្ចារ្យមួយរបស់ពិភពលោក ដែលស្ថិតនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា អតីតចក្រភពអង្គរដ៏ល្បីល្បាញ។ ទីក្រុង ដ៏ពិសិដ្ឋនេះប្រើពេលសាងសង់អស់ជាង ៤០០ឆ្នាំ រវាងឆ្នាំ ៨០២ រហូតដល់ឆ្នាំ ១២២០ ឯប្រាសាទអង្គរវត្តវិញបានសាងសង់នៅដើមស.វ១២ ក្នុងឆ្នាំ ១១១៣ ដល់ឆ្នាំ ១១៥០ ដោយមានការតុបតែងក្បាច់រចនាដ៏ល្អពិចិត្រស្រស់ស្អាតជាងគេ មានទាំងប្រាសាទតូចធំ សួនច្បារ និងគូទឹកដែលសាងសង់ព័ទ្ធជុំវិញប្រាសាទនេះផងដែរ គឺរឹតតែមើលទៅគួរឱ្យស្ងប់ស្ញែង និងមានភាពអស្ចារ្យបង្កប់ដោយអាថ៌កំបាំងបំផុតទៀតផង។ អ្វីដែលកាន់តែពិសេស ប្រាសាទអង្គរវត្តក៏មានព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទដ៏អស្ចារ្យក្នុងមួយឆ្នាំ ២ដងផងដែរ។
១៤. សំណង់ទីក្រុង Petra
សំណង់មួយនេះស្ថិតនៅកណ្តាលវាលខ្សាច់ប្រទេសហ្សកដានី ដ៏ក្តៅហួតហែងមួយ ដែលត្រូវបានគេដឹងថាមិនបានប្រើដុំថ្មរៀបសាងសង់នោះទេ តែគឺជាការចោះថ្ម ឬរូងភ្នំសាងសង់ជាសំណង់ដ៏ពិសេសនេះតែម្តង។ ប្រាសាទនេះផងដែរបានចាប់ផ្តើមសាងសង់នៅក្នុងរវាងឆ្នាំ ៦០០មុនគ.ស និងត្រូវបានគេដឹងថាបញ្ចប់ការសាងសង់ដោយប្រើរយៈពេលដល់ទៅ ៨៥០ឆ្នាំ (ឯកសារខ្លះថារយៈពេលជាង ៥០០ឆ្នាំប៉ុណ្ណោះ) ដោយអាចផ្ទុកប្រជាជនបានដល់ទៅជាង ២ម៉ឺននាក់។ បើទោះបីជាសម័យនោះគ្មានឧបករណ៍ ឬបច្ចេកទេសទំនើបនៅក្នុងការសាងសង់ តែសំណង់នេះនៅតែរក្សារូបរាង និងគង់វង្សរហូតដល់សព្វថ្ងៃនេះ។
១៥. សេតវិមាន White House
សេតវិមាន White House ស្ថិតនៅក្នុងទីក្រុង Washington DC សហរដ្ឋអាមេរិច ដែលជាទីកន្លែងស្នាក់នៅ និងធ្វើការរបស់ប្រធានាធិបតីអាមេរិចគ្រប់រូបរាល់ពេលឡើងកាន់តំណែង។ វិមាននេះត្រូវបានប្រើពេលស្ថាបនាសាងសង់ឡើងអស់រយៈពេល ១៣ឆ្នាំ ចាប់ពីឆ្នាំ ១៧៩២ មកដោយស្ថាបត្យករលោក James Hoban ។ បើទោះបីជាអតីតកាល សេតវិមាននេះធ្លាប់ត្រូវបានដុតបំផ្លាញដោយអង់គ្លេស តែវាត្រូវបានសាងសង់ និងជួលជុលយ៉ាងស្អាតដូចដើមរហូតសព្វថ្ងៃ។