រដ្ឋមន្ត្រីក្រសួង​ការងារ​ ប្តេជ្ញានឹងខិតខំ​ការពារ​កម្មករនិយោជិត​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ

​ភ្នំពេញ ​៖ ​រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​ថា​ នឹងខិតខំ​ការពារ​កម្មករនិយោជិត​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ ក៏​ដូច​ជា​ពលករ​នៅ​ក្រៅប្រទេស​ ខណៈលោកបាន​បង្ហាញ​ពី​ក្ដី​ស្រមៃ​និង​គោលបំណង​៣​ធំ​ៗ ដូច​ទៅ​នឹង​ក្ដី​ស្រមៃ​និង​គោល​បំណង​របស់​តំណាង​បងប្អូន​កម្មករនិយោជិត​ដែរ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ របប​សន្តិសុខ​សង្គម ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​ការ​លើកកម្ពស់​ផលិតភាព​របស់​កម្លាំង​ពលកម្ម​របស់​កម្ពុជា​។

ឯកឧត្តម​រដ្ឋមន្ត្រី​ការងារ​បាន​គូសបញ្ជាក់​ថា ក្ដី​ស្រមៃ​និង​គោល​បំណង​ធំ​ៗ​ទាំង​៣​នោះ​រួម​មាន ១-ការពារ​កិត្តិយស សេចក្តី​ថ្លៃថ្នូ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ជីវភាព​រស់នៅ​របស់​កម្មករនិយោជិត​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ ក៏​ដូច​ជា​ពលករ​នៅ​ក្រៅប្រទេស​។ ២-ខិតខំ​រក្សា និង​ទាក់ទាញ​អ្នក​វិនិយោគ​បន្ថែម ដើម្បី​រក្សា​ឆ្នាំងបាយ​ចាស់ និង​បង្កើត​ឆ្នាំងបាយ​ថ្មី (​ការងារ​ថ្មី​កាន់តែ​សមរម្យ​) ដល់​យុវជន​ដែល​ជា​កូនចៅ​ជំនាន់​ក្រោយ និង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​យើង​កាន់តែ​រឹង​មាំ​។ និង​ទី​៣-រក្សា​ភាព​សុខដុមរមនា​នៅ​កន្លែងធ្វើការ ដោយ​ឈរ​លើ​មនសិកា​វិជ្ជាជីវៈ យក​ច្បាប់​ជា​គោល និង​ការ​សម្របសម្រួល​គ្នា​ជា​ធំ ចៀសវាង​​ការ​ប្តឹងប្តល់ ​ញុះញង់ ​អុចអាល់ ចង់​ចាញ់​ចង់​ឈ្នះ ដោយ​មិន​សម​ហេតុផល​។

ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ បានបញ្ជាក់​ថា​ «ពិតជា​រីករាយ​នឹង​ការ​ជួប​ជាមួយ​បងប្អូន​តំណាង​កម្មករនិយោជិត​ទាំងអស់ ​ដោយ​មិន​រើសមុខ ឱ្យ​តែ​ការ​ជួប​នាំ​មក​នូវ​ហេតុផល​នូវ​ធាតុ​ចូល​ល្អ​ៗ ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ របប​សន្តិសុខ​សង្គម ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​ការ​លើក​កម្ពស់​ផលិតភាព​របស់​កម្លាំង​ពលកម្ម​របស់​កម្ពុជា ប្រសិនជា​ជួប​គ្នា​ជា​លក្ខណៈ​សាមញ្ញ និង​មិន​ផ្លូវការ​បាន​នោះ​កាន់តែ​ប្រសើរ ពីព្រោះ​យើង​អាច​និយាយ​អស់ពី​ចិត្ត​រៀង​ៗ​ខ្លួន​»​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds