លោកពូទីន បានចេញមុខនិយាយពាក់ព័ន្ធការធ្លាក់យន្តហោះរបស់មេទាហានស៊ីឈ្នួល
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចេញមុខនិយាយជាលើកដំបូងពាក់ព័ន្ធការធ្លាក់យន្តហោះរបស់មេទាហានស៊ីឈ្នួល Wagner ដោយហៅលោក Evgeny Prigozhin ថាជាបុរសមានទេពកោសល្យច្រើន ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការតស៊ូប្រឆាំងនឹងពួកគាំទ្រលទ្ធិណាស៊ីនិយម នៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
លោកពូទីន ថ្លែងជាមួយអ្នកកាសែតនៅវិមានក្រឹមឡាំងកាលពីថ្ងៃទី២៤ខែសីហា ថា គាត់បានស្គាល់លោក Prigozhin តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០មកម្ល៉េះ។ លោកថា “លោក Prigozhin បានធ្វើខុសធ្ងន់ណាស់ក្នុងជីវិតរបស់គាត់ ប៉ុន្តែក៏ទទួលបានលទ្ធផលដែរ។ គាត់ជាអ្នកជំនួញមានទេពកោសល្យ ដែលធ្វើការនៅក្នុងប្រទេសរុស្ស៊ី ក៏ដូចជានៅទ្វីបអាហ្រ្វិកផងដែរ ទាក់ទងនឹងប្រេង ឧស្ម័ន លោហៈ និងត្បូងដ៏មានតម្លៃ”។
ទោះបីជាយ៉ាងណាក៏ដោយ លោកពូទីន មិនបានបញ្ជាក់ទេថាតើ លោក Prigozhin ស្លាប់ដោយសារធ្លាក់យន្តហោះមែនឬក៏អត់។លោក ពូទីន បានសម្តែងការរំលែកទុក្ខ ចំពោះក្រុមគ្រួសារមនុស្សទាំង១០នាក់ ដែលស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ ហើយប្តេជ្ញាថា នឹងបើកការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ។
គួរបញ្ជាក់ជាថ្មី លោក Prigozhin ស្ថិតក្នុងបញ្ជីអ្នកដំណើរលើយន្តហោះឯកជន Embraer ដែលធ្លាក់កាលពីថ្ងៃពុធនៅក្នុងតំបន់ Tver ខណៈធ្វើដំណើរចេញពីទីក្រុងមូស្គូទៅកាន់ទីក្រុង St. Petersburg។ អ្នកដំណើរទាំង៧នាក់ និងអាកាសយានិក ៣នាក់ត្រូវបាត់បង់ជីវិត។ ឧប្បត្តិហេតុនេះ កើតឡើងត្រឹមពីរខែប៉ុណ្ណោះ បន្ទាប់ពីក្រុមទាហាន Wagner ធ្វើការបះបោរបរាជ័យ ប្រឆាំងនឹងយោធារុស្ស៊ី៕