ឡុង ពិសិដ្ឋ នឹកដល់អ្នក​ស្រី ឡុង រ៉ាវី ពេលឈ្នះខ្សែក្រវាត់ដំបូងក្នុងអាជីព

បន្ទាប់ពីចាប់អាជីពជាង៧ឆ្នាំ កីឡាករ​វ័យ​ក្មេង ឡុង ពិសិដ្ឋ បាន​គ្រង​​ខ្សែ​ក្រវាត់​​ទម្ងន់ស្រាលជាលើកដំបូងក្នុងអាជីព បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​កីឡាករ អេលីត រស្មី ដោយ​ពិន្ទុ បន្ទាប់​ពី​តស៊ូ​គ្នា​៣​ទឹក​ពេញ​ក្នុង​​កម្មវិធី​គុន​ខ្មែរអល​ស្តារ វគ្គ​៨ កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៣។

ជំនួប​ដណ្តើម​​ខ្សែ​ក្រវាត់​របស់​អ្នក​ទាំង​ពីរ​ពិត​ជាតានតឹង ដោយសារ​អ្នក​ទាំង​ពីរវ៉ៃ​ពោរពេញ​ដោយ​បច្ចេកទេស និង​រហ័ស​រហួន​។ នៅ​ទឹក​ទី​១ អេលីត រស្មី ជា​អ្នក​វ៉ៃ​សម្រុក​ខ្លាំង ដោយ​បាន​ប្រើ​​​កណ្តាប់​ដៃ​ឲ្យ ឡុង ពិសិដ្ឋ ស្ទើបាត់បង់ស្មារតីម្តងៗ ប៉ុន្តែនៅ​ទឹក​ទី​២ និង​ទី​៣ ឡុង ពិសិដ្ឋ ជា​អ្នក​វាយ​សម្រុក​​ដោយ​មាន​ប្រៀប​ទាំង​កម្លាំង បច្ចេកទេស និង​អាវុធ។ ជា​ពិសេស រូប​គេ​ទាត់​លើ​ដង​ខ្លួន​របស់ អេលីត រស្មី ធ្ងន់​ច្បាស់ និង​ប្រើ​ក្បាច់​កាច់​ផ្តួល​ដៃ​គូ ស្រប​ពេល​ដៃ​គូ​ស្រុត​ចុះ​កម្លាំង​នៅ​ទឹក​ទី​៣។ ទី​បំផុត ចៅក្រម​ផ្តល់​ពិន្ទុ​ឲ្យ ឡុង ពិសិដ្ឋ ជា​អ្នក​ឈ្នះ។

ក្រោយឈ្នះខ្សែក្រវាត់កូន​សិស្ស​របស់​ក្លិប«ខ្លារខិន​មានឬទ្ធិ»​បានអោយដឹងថា ខ្ញុំ​ពិត​ជា​សប្បាយ​ណាស់ ពី​ព្រោះ​ការ​ប្រកួត​នេះ​តឹង​តែង​ខ្លាំង។ ខ្ញុំ​ចូល​កណ្តាប់​ដៃ​របស់​គេ​ធ្វើ​ឲ្យ​វង្វែង​ស្មារតី​ម្តង​ដែរ។ នៅ​ទឹក​ទី​១ លោក​គ្រូ​ឲ្យ​ខ្ញុំ​ព្យាយាម​ការពារ តែ​ទឹក​ទី​២ និង​ទី​៣ ខ្ញុំ​ត្រូវ​ប្រឹង​វ៉ៃ​សម្រុក។​ ឡុង ពិសិដ្ឋ បន្ថែមថា «ខ្ញុំ​ពិត​ជា​សប្បាយ​រីក​រាយ និង​រំភើប​ខ្លាំង​​​ដែល​បាន​ឈ្នះ​ខ្សែ​ក្រវាត់​លើក​ដំបូង​ក្នុងអាជីព​ប្រដាល់​របស់​ខ្ញុំ។ ក្នុង​ឆាក​ជីវិត ខ្ញុំ​មិន​ធ្លាប់​ឈ្នះ​ទេ តែ​ពេល​ខ្ញុំ​នឹក​គិត​ដល់​គាត់ (អ្នក​ស្រី ឡុង រ៉ាវី) ខ្ញុំ​មិន​អាច​ទប់​ទឹក​ភ្នែក​បាន​ទេ។ គាត់ជួយ​ខ្ញុំ​តាំង​ពី​តូច គាត់​មិន​ដែល​បាន​សប្បាយ​រីក​រាយ​នឹង​សមិទ្ធផល​របស់​ខ្ញុំ​ទេ តែ​ដល់​ពេល​ខ្ញុំ​ទទួល​បាន​ជោគជ័យ​នៅ​ពេល​នេះ គាត់​បានឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ…»។

អ្នក​ស្រី ឡុង រ៉ាវី ជាម្ចាស់​ក្លិប​ប្រដាល់«ខ្លារខិន​មាន​ឬទ្ធិ»​ដែលបាន​លះ​បង់​គ្រប់​បែប​យ៉ាង​​ដើម្បី​ប្រដាល់​គុន​ខ្មែរ និង​ជា​ស្ត្រី​ម្នាក់​ដែល​បាន​ជួយ​បណ្តុះ​បណ្តាល​កីឡាករ កីឡាការិនី​​ច្រើន។ អ្នក​ស្រី​បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​កាល​ពី​ប៉ុន្មាន​ខែ​​មុន​​ដែល​បាន​ធ្វើ​ឲ្យ​កូន​សិស្ស​ក្នុង​ក្លិប​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង។ បន្ទាប់​ពី​អត់​ពី​អ្នក​ស្រី ឡុង រ៉ាវី ទៅ ក្លិប​ប្រដាល់​នៅ​តែ​ដំណើរ​ការ​ដោយ​មាន​ប្អូន​របស់​គាត់ និង​លោក​គ្រូ​រីគី​ជា​អ្នក​ដឹក​នាំ​ដំណើរ​ការ​បន្ត​ទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open