ករណីចូលរួមរំដោះជនជាតិចិនសមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរ២នាក់បន្ថែមទៀត
សៀមរាប ៖ បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវករណីរំដោះជនជាតិចិនម្នាក់ដែលជាមេក្លោងជួញដូរគ្រឿងញៀនដ៏ធំពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន១៣នាក់ ខណៈសមត្ថកិច្ចឃាត់ខ្លួនជនជាតិខ្មែរចំនួន២នាក់ បន្ថែមទៀត។
កម្លាំងផែនព្រហ្មទណ្ឌនៃស្នងការខេត្តសៀមរាប សហការជាមួយ កម្លាំងអធិការក្រុងសៀមរាប និងកម្លាំងនគរបាលក្រសួងមហាផ្ទៃ បានបើកការស្រាវជ្រាវរហូតឈានដល់ ឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់។ ដោយឡែកនៅថ្ងៃទី២៣ ខែសី ហា ឆ្នាំ២០២៣ កម្លាំងផែនព្រហ្មទណ្ឌចុះអនុវត្តន៍ដីកាបញ្ចាឲ្យចូលខ្លួនជនសង្ស័យឈ្មោះ ប្រាក់ ចំរើន ភេទស្រី អាយុ៣៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិវាល សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប ពាក់ព័ន្ធនឹងករណី រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ(រំដោះអ្នកទោសដោយក្រុមជនប្រដាប់អាវុធ) ប្រព្រឹត្តកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចគ្លីនិកពេទ្យធ្មេញ ក្នុងពេលចុះអនុវត្តន៍ដីបញ្ជាឲ្យខ្លួន កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនឈ្មោះ ខាន់ សុខា ហៅតឿ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិវាល សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប យកមកសាកសួរ។
ជនសង្ស័យ ខាន់ សុខា ហៅតឿ បានឆ្លើយសារភាពថា នៅកើតហេតុ រូបខ្លួនបានចូលរួមរំដោះជនជាតិចិន ឈ្មោះ Chen Hsin Han ដោយឈ្មោះ ស៊ឹម សឿម(ត្រូវជាពូថ្លៃ)បានឲ្យខ្លួនបើកម៉ូតូចំនួន១គ្រឿង ម៉ាកClick ពណ៌សរ ផលិតឆ្នាំ២០២១ ពាក់ផ្លាក់លេខ សៀមរាប 1AX-2307 ឱ្យចាំយកជនជាតិចិន នៅចំណុចគ្លីនិចពេទ្យធ្មេញ ជុំ ចិន្ថា
ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ដោយឈ្មោះ ស៊ឹម សឿម បានឲ្យប្រាក់ចំនួន៥០០$ នឹងសន្យាថា ពេលការងារចប់ នឹងឱ្យម៉ូតូដែលជិះទៅឌុបជនជាតិចិន មកជាកម្មសិទ្ធិ រួមទាំងប្រាក់ចំនួន១០០០$បន្ថែមទៀត។
រីឯវត្ថុតាងដែលដកហូតបាន ម៉ូតូចំនួន២គ្រឿង ម៉ាកClick ពណ៌សរ ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខសៀមរាប 1AX-2307 (ផ្លាកលេខក្លែងក្លាយ)និងម៉ាកClick ពណ៌សរ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខសៀមរាប 1AX-3223 (ផ្លាកលេខក្លែងក្លាយ)។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕