រដ្ឋមន្ត្រីការងារបញ្ជាក់ថា «ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង ត្រូវចុះជួបកម្មករឱ្យញឹកញាប់ ដើម្បីដឹងពីការលំបាក និងរួមគ្នាដោះស្រាយ
(ភ្នំពេញ)៖ ថ្ងៃចូលកាន់តំណែងដំបូងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានបង្ហាញវត្តមានជាមួយកម្មករ និយោជិត នៅរោងចក្រផលិតស្បែកជើង ម៉េងដា ហ្វូតវៀ នៅម្ដុំផ្លូវវេងស្រេង ដើម្បីជួបសំណេះសំណាលជាមួយកម្មករ និងណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង ត្រូវចុះមកជួបកម្មករឱ្យបានញឹកញាប់ ហើយបង្កើនការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំង។
តាមរយៈទំព័រហ្វេសបុកនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា «ថ្ងៃដំបូង បានមកមើលសកម្មភាពផលិតស្បែកជើង និងបានហូបបាយជាមួយបងប្អូនកម្មករនិយោជិត ដែលធ្វើការនៅរោងចក្រផលិតស្បែកជើង ម៉េងដា ហ្វូតវៀ នៅផ្លូវវេងស្រេង។ បច្ចុប្បន្នរោងចក្រនេះមានកម្មករនិយោជិតសរុបជាង៣ពាន់នាក់ ក្នុងនោះមានកម្មការិនីដែលកំពុងមានផ្ទៃពោះចំនួន១៦០នាក់ និងជនដែលមានពិការភាពចំនួន៤៣នាក់»។
ឯកឧត្តមបន្តថា កម្មករនិយោជិត នៅក្នុងរោងចក្រនេះធ្លាប់ជួបជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១៨ ហើយនិយោជិតដែលជារដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ក៏ធ្លាប់បានជួបជាមួយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីខែឧសភា ឆ្នាំ២០២៣នេះផងដែរ។ កម្មករនិយោជិតដែល ឯកឧត្តម រដ្ឋមន្ត្រីបានជួប គឺនឹករឭកដល់សម្តេចតេជោ ហ៊ុន សែន ហើយចងចាំជានិច្ចនូវរូបភាពដ៏ស្និទ្ធស្នាល និងកក់ក្ដៅ ដែលសម្តេចបានចុះជួបកម្មករនាពេលកន្លងទៅ។ កម្មករទាំងនោះក៏រំពឹងថានឹងបានជួបឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពេលឆាប់ៗនេះផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីថ្មីក្រសួងការងារ បានសង្កត់ធ្ងន់ថា «ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង រួមទាំងអ្នកគ្រប់គ្រងរោង ចក្រនីមួយៗ ត្រូវចុះមកជួប និងហូបបាយជាមួយបងប្អូនឱ្យបានញឹកញាប់ដើម្បីសាករសជាតិម្ហូប លក្ខខណ្ឌអនាម័យ និងរកវិធីសាស្ត្រកែលម្អឱ្យកាន់តែប្រសើរ ឬយកធ្វើជាគំរូទៅកន្លែងផ្សេង»។ ឯកឧត្តម បានបញ្ជាក់ទៀតថា នៅរោងចក្រខាងលើនេះមានសហជីពមូលដ្ឋានរហូតដល់ទៅជាង២០សហជីព៕