អតីតអ្នកការសែតចំនួន៣រូប ក្លាយជារដ្ឋមន្ត្រី នីតិកាលទី៧
សម្រាប់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ឆ្នាំ២០២៣ នេះ អតីតអ្នកការសែតចំនួន៣រូប ត្រូវបានតែងតាំងជារដ្ឋមន្ត្រី ក្នុងនោះលោកនេត្រ ភក្ត្រា ជារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកប៉ែន បូណា និងលោក ហ្សង់ ហ្វ្រង់ស័រ តាន់ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
លោក នេត្រ ភក្ត្រា អតីតជានាយកគ្រប់គ្រងការីនិពន្ធនៃកាសែតភ្នំពេញប៉ុស្តិ៍ ត្រូវបានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជ្រើសរើសឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំនួសលោក ខៀវ កាញារីទ្ធ។ លោក នេត្រ ភក្ត្រា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួនពីរ គឺបរិញ្ញាបត្រផ្នែកភាសាបារាំង និងបរិញ្ញាបត្រផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយលោក ក៏ធ្លាប់បានទៅសិក្សានៅប្រទេសបារាំងថែមទៀតផង។ លោក គឺជាអ្នកជំនាញសារព័ត៌មាន ប្រកបដោយបទពិសោធ និងចំណេះដឹង ហើយមានភាពប៉ិនប្រសប់លើការបណ្ដុះបណ្ដាលធនធានមនុស្ស។ អតីតអ្នកកាសែតរូបនេះ ធ្លាប់បានបម្រើការងារនៅស្ថាប័នសារព័ត៌មានជាច្រើន ដូចជា បម្រើការនៅទូរទស្សន៍ជាតិកម្ពុជា ជាអ្នករាយការណ៍ព័ត៌មានប្រចាំខេត្តសៀមរាបឱ្យកាសែតសំណេរថ្មី ជានិពន្ធនាយកកាសែតមេគង្គថែម និងក្រោយមកជានាយកគ្រប់គ្រងការីនិពន្ធផ្នែកភាសាខ្មែរ នៅកាសែតភ្នំពេញប៉ុស្ដិ៍។
លោកប៉ែន បូណា គឺជាអ្នកកាសែតដែលមានបទពិសោធន៍យូរឆ្នាំនិងលេចធ្លោម្នាក់ ដែលបានប្រឡូកក្នុងវិស័យព័ត៌មានក្នុងទសវត្សឆ្នាំ១៩៩០។ ចេញពីសាលាកាសែតនៅ IFL លោកបានធ្វើជាអ្នកកាសែតនៅកាសែតបារាំង Cambodge Soir មុននឹងក្លាយជានិពន្ធនាយកកាសែតបារាំងនេះ។ លោកក៏ជាអ្នកឆ្លើយឆ្លងព័ត៌មាន ជានិពន្ធនាយក និងអ្នកវិភាគ Chronique ប្រចាំវិទ្យុបារាំង RFI មិនតិចជាង១០ឆ្នាំទេ។ លោកបានក្លាយជានិពន្ធនាយកទូរទស្សន៍ PNN នៅខែមេសា ឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន។ ក្នុងពេលដំណាលគ្នា លោកក៏បានឡើងកាន់តំណែងជាប្រធានក្លឹបអ្នកកាសែតកម្ពុជា នៅខែមេសា ឆ្នាំ២០១៥។ លោកប៉ែន បូណា ក៏ជាគ្រូបណ្តុះបណ្តាលផ្នែកសារព័ត៌មានផងដែរ។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បាបបញ្ចប់ការសិក្សាថ្នាក់វិទ្យាស្ថាននយោបាយ។ លោកបានចូលធ្វើការជាអ្នកកាសែត នៅវិទ្យុបារាំងអន្តរជាតិ RFI នៅឆ្នាំ១៩៩៣ ដើមដំបូងនៅការិយាល័យ និពន្ធជាភាសាបារាំង និង ក្រោយមកទៀតនៅការិយាល័យនិពន្ធជា ភាសាខ្មែរ នៅឆ្នាំ២០០២ ជានាយកកិច្ចការអាស៊ី នៅឆ្នាំ២០០៨ និងជាប្រធានគ្រប់គ្រងរាល់ការផ្សាយជាភាសាបរទេស នៅឆ្នាំ២០១០។ តាំងពីខែកញ្ញាឆ្នាំ២០១២មក លោក ហ្សង់-ហ្វ្រង់ស័រ តាន់ ត្រូវបាន វិទ្យុបារាំងអន្តរជាតិ RFI បញ្ជូនមកធ្វើការជាប្រចាំនៅក្នុងភ្នំពេញ ដើម្បីបើកសាខា និង ដើម្បីពង្រីកការផ្សាយជាខេមរភាសានៃវិទ្យុ បរទេសមួយនេះ នៅទូទាំងប្រទេសកម្ពុជា។ លោកបានលាឈប់ពីអ្នកគ្រប់គ្រងវិទ្យុបារាំងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣៕