ឧកញ៉ា ស្រី ចាន់ថន អញ្ជើញសួរសុខទុក្ខ លោកព្រឹទ្ធាចារ្យក្រម៉ាមាស សាន គឹមស៊ាន ជាគ្រូគុនល្បុក្កតោបុរាណ ដែលធ្លាក់ខ្លួនឈឺ

ភ្នំពេញ៖ បន្ទាប់ពី​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ទាំង​កណ្ដាល​អធ្រាត្រ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ព្រោះតែបញ្ហាសុខភាពធ្វើ​ទុក្ខលោកឧកញ៉ា ស្រី ចាន់ថន បានអញ្ជើញទៅសួរសុខទុក្ខ លោកព្រឹទ្ធាចារ្យក្រម៉ាមាស សាន គឹមស៊ាន ដែលគឺជាគ្រូគុនល្បុក្កតោបុរាណខ្មែរ អំឡុងពេលដែលលោកគ្រូសម្រាក់ព្យាបាលជំងឺនៅមន្ទីរពេទ្យ រួមជាមួយការនាំយកថវិកាឧបត្ថម្ភមួយចំនួនដើម្បីព្យាបាលជំងឺលោកគ្រូផងដែរ។

តាមរយៈបណ្តាញសង្គម នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ លោកឧកញ៉ា ស្រី ចាន់ថន បានឲ្យដឹងថា «ខ្ញុំបានមកសួរសុខទុក្ខ លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន គឺជាគ្រូគុនល្បុក្កតោបុរាណ ហើយគាត់បានជួយបង្ហាត់បង្រៀនសិស្ស ផ្សព្វផ្សាយ ថែរក្សា គុនល្បុក្កតោ ខ្មែរយើងស្ទើរតែពេញមួយជីវិតទៅហើយពេលនេះគាត់ បានធូរស្រាលហើយក្រោយពីបានចេញពីព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់»
លោកបន្តថា «ដោយមើលឃើញថាពុកម៉ែបងប្អូនមានការគោរពស្រឡាញ់ លោកព្រឹទ្ធាចារ្យ ដែលលោកបានលះបង់ សម្រាប់ ជាតិមាតុភូមិ និងប្រជាជនខ្មែរ គឺខ្ញុំបានឧបត្ថម្ភថវិកាមួយចំនួនដើម្បីព្យាបាលជំងឺលោកគ្រូ»

សូមបញ្ជាក់ផងថា លោកគ្រូព្រឹទ្ធាចារ្យ ស៊ាន គឹមសៀន គឺជាស្ថាបនិកគុនល្បុក្កតោ ដែលបានធ្វើឱ្យគុនល្បុក្កតោរស់ឡើងវិញ និងមានការរីកចម្រើន។ តាមរយៈការជ្រោមជ្រែងពីលោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំជាច្រើនទៀត អង្គការយូណេស្កូបានអនុម័តយល់ព្រមចុះគុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត ព្រះរាជាណាចក្រម៉ារុក។ លោកគ្រូព្រឹទ្ធាចារ្យ បានធ្លាក់ខ្លួនឈឺចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ បច្ចុប្បន្ននេះ គាត់បានធូរស្រាលគ្រាន់បើ និងចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds