សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ៨ នាក់ ពាក់ព័ន្ធថតរូបអា.សអាភា.ស
អនុវត្តតាមបញ្ជារបស់លោកស្នងការខេត្តបាត់ដំបង និងស្នងការរងផែនការងារ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដោយបានការសម្រប សម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវនិងឃាត់ខ្លួន ក្រុមយុវជនមួយក្រុមមានគ្នាចំនួន ០៨នាក់ ពាក់ព័ន្ធក្នុងករណីផលិតរូបភាពអាសអាភាស(លួចថតរូបជនរង គ្រោះ)និងចែកចាយរូបភាពនេះជាសាធារណៈក្នុងបណ្តាញសង្គម។
ជនសង័្សយទាំង០៨នាក់នោះរួមមាន៖ ១-ឈ្មោះ អឿន ភារម្យ ភេទប្រុស អាយុ១៧ឆ្នាំ, ២-ឈ្មោះ ង៉ូវ ហុង ភេទប្រុស អាយុ១៦ឆ្នាំ, ទី៣ឈ្មោះ តែម សុខរិន ភេទប្រុស អាយុ១៦ឆ្នាំ, ទី ៤-ឈ្មោះ សាយ សៀកម៉េង ភេទប្រុសអាយុ១៥ឆ្នាំ, ៥-ឈ្មោះ គាត ណារ៉ុង ភេទប្រុសអាយុ១៥ឆ្នាំ អ្នកទាំង៥ រស់នៅស្រុកភ្នំព្រឹក, ទី៦-ឈ្មោះ ជឿន មករា ភេទប្រុស អាយុ១៤ឆ្នាំ, ៧-ឈ្មោះ ផាន វុធថា ភេទប្រុស អាយុ១៤ឆ្នាំ, ៨-ឈ្មោះ ពឿន សុវណ្ណដា ភេទប្រុស អ្នកទាំង៣រស់នៅ ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង ។
លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹកបានឱ្យដឹងថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៨និង៣០នាទី មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីនារីជាជនរងគ្រោះដែលបានជួលបន្ទប់ស្នាក់នៅរួមគ្នាចំនួន៥នាក់ ដើម្បីរៀនសូត្រក្នុងមូលដ្ឋានខាងលើ បានប្រទះឃើញរូបភាព(អាក្រាតកាយ)របស់ពួកខ្លួនត្រូវបានចែកចាយក្នុង បណ្តាញសង្គមដែលរូបភាពទាំងនេះ គឺត្រូវបានគេលួចថតជាឃ្លីបវីដេអូ ក្នុងពេលដែលជន រងគ្រោះកំពុងងូតទឹក ក្នុង បន្ទប់ទឹក នៃបន្ទប់ជួលស្នាក់នៅរបស់ខ្លួន។
ភ្លាមៗជនរងគ្រោះ ប្រាប់ដល់អាណាព្យាបាលរបស់ខ្លួន និងបានដាក់ពាក្យបណ្តឹង មកសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក។ ក្រោយទទួលពាក្យបណ្តឹង សមត្ថកិច្ច នគរបាលបានឈានដល់ការឃាត់ខ្លួនក្រុមក្មេងៗ ដែលជា អ្នកជួលបន្ទប់ស្នាក់នៅជាប់គ្នាជាមួយ បន្ទប់របស់ជនរងគ្រោះ។ ក្រោយការសាកសួរក្រុមក្មេងទាំងនេះ បានឆ្លើយសារភាពថា ពួកខ្លួនបានយកទូរស័ព្ទដៃលួចថតនារីរងគ្រោះ ពិតប្រាកដមែន។
បច្ចុប្បន្ន សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយ និងវត្ថុតាងពាក់ព័ន្ធមកកាន់ផែនជំនាញ ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ហើយ៕