រដ្ឋបាលខេត្តបាត់ដំបងអនុវត្តផែនការរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅឱ្យក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូ
ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ បានដឹកនាំក្រុមការងារនាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ដើម្បីចុះត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ខេត្តបាត់ដំបង និងបានចុះត្រួតពិនិត្យការអនុវត្តផែនការរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ដែលជាគោលដៅទាក់ទាញទេសចរណ៍ចម្បងមួយរបស់រដ្ឋបាលខេត្តបាត់ដំបង។
ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងការដឹកនាំផ្ទាល់របស់ឯកឧត្តម ឆាយ ម៉ាទីណាល់ អភិបាលរងខេត្ត លោក អ៊ុច អ៊ុភីនីសារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ រមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំសំពៅ ទទួលបានវឌ្ឍនភាពរួមមាន៖ (១) រៀបចំបញ្ជរលក់សំបុត្រ (២) តាមងបង្ហាញផ្ទាំងតម្លៃទស្សនា (៣) រៀបចំស្លាកចរាចរណ៍ និងស្លាកឈ្មោះល្អាងនានា (៤) រៀបចំបង្កាន់ដៃមើលទេសភាព និងអក្សរអនុស្សាវរីយ៍ភ្នំសំពៅ (៥) រៀបចំចំណតភ្ញៀវ និងសណ្តាប់ធ្នាប់នានា។
ការរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំសំពៅ ស្ថិតក្នុងផែនការអាទិភាពរបស់រដ្ឋបាលខេត្ត ដែលបានរំលេចក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ខេត្តបាត់ដំបង ហើយមន្ទីរទេសចរណ៍ខេត្តដែលជាសេនាធិការបានរៀបចំ “ផែនការលម្អិតរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ” ដោយបានរំលេចនូវសកម្មភាពរៀបចំសំខាន់ៗរួមមាន៖ (១) ទីតាំងផ្តល់ព័ត៌មាន និងបញ្ជរលក់សំបុត្រ (២) ចំណតភ្ញៀវនៅខាងក្រោម និងលើកំពូលភ្នំ (៣) ស្លាកសញ្ញា និងស្លាកបង្ហាញទិសសំខាន់ៗ (៤) ផែនទីគោលរបស់រមណីយដ្ឋាន និងផែនទីទស្សនា (៥) តូបលក់វត្ថុអនុស្សាវរីយ៍ និងប៉ុស្តិ៍ត្រួតពិនិត្យ (៦) បង្គន់អនាម័យសាធារណៈ (៧) ទីតាំងបូជាព្រះ និងលក់គ្រឿងថ្វាយព្រះ (៧) ទីតាំងទស្សនាប្រជៀវ (៨) ការគ្រប់គ្រងសោភ័ណ្ឌភាព អនាម័យ បរិស្ថាន សនិ្តសុខ និងសណ្តាប់ធ្នាប់ (៩) ការគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនឡើងភ្នំ និង(១០) ការចងក្រងឯកសារស្តីពីរមណីដ្ឋាន និងមគ្គុទ្ទេសន៍ពិសេសតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ។ ការអនុវត្តផែនការសម្អិតនេះទាមទារឲ្យមានការចូលរួមបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធទាំងស្មារតី កម្លាំង និងធនធានថវិកា ដើម្បីឲ្យរមណីយដ្ឋាននេះក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូ ដ៏ទាក់ទាញមួយរបស់ខេត្តបាត់ដំបង។
សូមទាញយកឯកសារ (១) ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ខេត្តបាត់ដំបង
និង (២) “ផែនការលម្អិតរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ” តាមតំណខាងក្រោម៖ https://drive.google.com/drive/folders/1EyTtgxXPHX_wZnY0tpFKmrTwG23Y6mTx?usp=sharing