រោងចក្រមួយខាតបង់ប្រាក់ជាង១លានដុល្លារនិងបាត់អ្នកបញ្ជាទិញ៣សំខាន់រយៈពេលពីរខែ
ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ម៉ោង 08:05 AM
(ដោយ៖ យឺន សីហា)
ម្ចាស់រោងចក្រកាត់ដេរមួយនៅកម្ពុជាបានអះអាងនៅថ្ងៃអាទិត្យនេះថារោងចក្ររបស់ខ្លួនបានខាតបង់ប្រាក់អស់ជាង ១,២ លានដុល្លារអាមេរិក ត្រឹមតែរយៈពេលជាង២ខែប៉ុណ្ណោះ ដោយសារតែកម្មករ នាំគ្នាធ្វើកូដកម្មទាមទារនូវអ្វីដែលច្បាប់មិនមានចែង ។ នេះបើតាមការលើកឡើងរបស់ភាគីតំណាងរោងចក្រកាលពីថ្ងៃទី ១០ មីនា ២០១៩នេះ នៅក្នុងសន្និសីទសារព័ត៌មួយនៅសមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា (GMAC) ។ ខណៈប្រធានសហជីពមួយលើកឡើងថារោងចក្រមួយនេះប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរជាងនេះ បើសិនបន្តរឹងទទឹងមិនទទួលយកកម្មករប្រមាណជាង ១០០០ នាក់ដែលត្រូវបញ្ឈប់ពីការងារកន្លងមក ឲ្យចូលបម្រើការងារវិញ ។
បើយោងតាមលោក Jimmy Hsu ប្រធានចាត់ការទូទៅ (General Manager) នៃ រោងចក្រ W & D (Cambodia) ដែលបានចាប់ផ្តើមវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ ១៩៩៨ មានទីតាំងនៅក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ និងកំពុងមានវិវាទការងារជាមួយកម្មករ បានលើកឡើងថា ចាប់តាំងពីកម្មករកម្មការិនី ធ្វើកូដកម្មទាមទារអោយរោងចក្រទូទាត់ប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ ២០១៩ កាលពីថ្ងៃទី២៤ ខែធ្នូ ២០១៨ រហូតមកដល់ពេលនេះ រោងចក្របានខាតបង់ប្រាក់ប្រមាណ៨៥ម៉ឺនដុល្លារដោយផ្ទាល់ ដោយការដែលមិនមានផលិតផលសម្រាប់នាំចេញទៅកាន់អ្នកបញ្ជាទិញ (buyers) ហើយជាង៣០ម៉ឺនដុល្លារទៀតត្រូវបានខាតបង់ដោយសារតែការបញ្ជូនទំនិញទៅអ្នកបញ្ជាទិញ តាមផ្លូវអាកាស ពីព្រោះអ្នកបញ្ជាទិញត្រូវការពេលវេលាលឿនទៅតាមកំណត់ ។
លោក Jimmy Hsu បន្តថា « ជាធម្មតាទំនិញទាំងនេះ យើងត្រូវដឹកទៅជូនអ្នកបញ្ជាទិញតាមកប៉ាល់ តែពេលដែលកម្មករភាគច្រើននាំគ្នាធ្វើកូដកម្មមិនចូលធ្វើការ ធ្វើអោយរាំងស្ទះដល់ការផលិតរបស់យើង ។ ដូច្នេះហើយទំរាំយើងផលិតបានគ្រប់គឺវាដល់ពេលដែល អ្នកបញ្ជាទិញទទួលឥវ៉ាន់ អញ្ចឹងហើយទើបយើងបង្ខំចិត្តត្រូវដឹកតាមយន្តហោះដែលមានតម្លៃខ្ពស់ជាងកប៉ា់ល់យ៉ាងច្រើន » ។ លោកបន្តថា ទន្ទឹមនឹងនោះដែរ រោងចក្រក៏បានបាត់បង់អ្នកបញ្ជាទិញ ចំនួន៣ផងដែរ ដែលជាហានិភ័យមួយសម្រាប់ដំណើរការរោងចក្រ ដែលក្នុងឆ្នាំ២០១៨កន្លងទៅរោងចក្របានបញ្ជូនទំនិញរបស់ខ្លួនទៅកាន់ទីផ្សារបរទេសគិតជាទឹកប្រាក់ប្រមាណ៨០លានដុល្លារអាមេរិក ដែលទឹកប្រាក់ទាំងនោះ ក៏បានយកមកផ្គត់ផ្គង់ដល់ប្រាក់ខែ កម្មករកម្មការិនី ដើម្បីសម្រួលដល់ជីវភាពគ្រួសាររបស់ពួកគេ ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា បានរៀបចំពីដំណើររឿងនៃវិវាទរវាងថៅកែ និងកម្មករ ដែលធ្វើអោយខាតបង់ហិរញ្ញវត្ថុដល់រោងចក្រ ។ លោកបានអោយដឹងថា វិវាទរវាងកម្មករ និងថៅកែរោងចក្រនេះ បានកើតឡើងអូសបន្លាយអស់រយៈពេលជាង២ខែ មកហើយ ដែលមានកម្មករសរុបចំនួន ១,៧២៩ នាក់នាំគ្នាធ្វើកូដកម្មទាមទារប្រាក់បំណាច់អតីតភាពជាកញ្ចប់ នៅមុនឆ្នាំ២០១៩ ដែលមិនមានចែងនៅក្នុងច្បាប់ស្ដីពីការងារ ។
អគ្គលេខាធិការរង GMAC បន្តថា « វិវាទនេះ បានសម្របសម្រួលជាច្រើនលើក ដោយទាំងមានការចូលរួមពីមន្ត្រីនាយកដ្ឋានវិវាទការងារ និងមន្ត្រីអគ្គលេខាធិការដ្ឋានសម្រាប់ដោះស្រាយ បញ្ហាកូដកម្ម បាតុកម្ម ព្រមទាំងនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល តែនៅមិនតែមិនសម្រេច ។ ក្រោយមកទៀតសាលាដំបូង ក៏បានសម្រេចអោយកម្មករទាំងអស់ចូលធ្វើការជាធម្មតាវិញ តែពួកគេមិនធ្វើតាម ហើយរោងចក្រក៏បានបង្ខំបញ្ឈប់ពួកគេចំនួន១១០៤នាក់ ដែលប្រព្រឹត្តិកំហុសធ្ងន់ » ។
លោក កាំង ម៉ូនីកា បន្តថា ក្រោយពីបានប្រកាសបញ្ឈប់កម្មករទាំងនោះហើយ រោងចក្រក៏បានប្រកាសអោយពួកគេមកបើកប្រាក់ចុងក្រោយរបស់ពួកគេដែរ តែដោយសារតែមានសម្របសម្រួលពីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រោងចក្រក៏ព្រមទទួលកម្មករទាំងនោះអោយចូលធ្វើការវិញជាធម្មតា លើកលែងតែកម្មករចំនួន២០នាក់ដែលបានបិទផ្លូវ និងរារាំងកម្មករដទៃទៀតមិនអោយចូលធ្វើការងារវិញប៉ុណ្ណោះ ។ លោកបន្តថា បច្ចុប្បន្ននេះ ក្នុងចំណោមកម្មករសរុប ១ ៧២៩ នាក់ដែលចូលរួមធ្វើកូដកម្មនោះ មានចំនួន៨១៤ នាក់ហើយព្រមចូលធ្វើការវិញ ហើយរោងចក្រក៏បានរក្សាអតីតភាពការងារអោយពួកគេអោយនៅដដែល ព្រមទាំងមានផ្ដល់ប្រាក់រង្វាន់ទៀតទាត់តាមចំនួនថ្ងៃដែលបានធ្វើការផងដែរ ។ លោកបញ្ជាក់ថា សម្រាប់វិស័យរោងចក្រទាំងមូល វានឹងមានបញ្ហាពិបាកបន្តិចនៅពេលដែលសហភាពអឺរ៉ុបកំពុងដំណើរការនីតិវិធីដកប្រពន្ធអនុគ្រោះពន្ធទំនិញពីកម្ពុជា ក្នុងនោះវាគ្រាន់តែមានសតិអារម្មណ៍មួយចំនួនពីអ្នកវិនិយោគ តែយ៉ាងណាក៏ដោយក៏រដ្ឋាភិបាល និងភាគីពាក់ព័ន្ធខិតខំដំណើរការកិច្ចការនេះអោយបានល្អប្រសើរឡើងវិញ ដើម្បីស្ថេរភាពសេដ្ឋកិច្ចកម្ពុជា ។
លោក ប៉ាវ ស៊ីណា លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា និងជាប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានឲ្យដឹងថាធម្មតានៅពេលដែលវិវាទការងារកើតឡើង នឹងធ្វើឲ្យភាគីទាំងពីរ ទាំងនិយោជក់និងកម្មករ សុទ្ធតែខាតបង់ដូចគ្នា ។ ដូច្នេះលោកយល់ថាទាំងកម្មករ និងនិយោជក់គួរថយម្នាក់មួយជំហាន ព្រោះបើម្ចាស់រោងចក្រនៅតែមិនទទូលយកកម្មករដែលត្រូវបានបញ្ឈប់ឲ្យចូលធ្វើការវិញនឹងអាចប៉ះពាល់ ឬបាត់បង់ការបញ្ជារទិញ ដែលអាចឈានដល់ការបិទរោងចក្រផងដែរ ។
សូមរំលឹកថា កម្មកររោងចក្រ W&D ប្រមាណជិត២ពាន់នាក់ បានផ្ទុះការតវ៉ា កាលពីខែ ធ្នូ ឆ្នាំ២០១៨ ដើម្បីស្នើសុំបើកប្រាក់អតីតភាពការងារសរុបពេញមួយឆ្នាំតែម្តង ខណៈច្បាប់បានកំណត់ថា ប្រាក់អតីតភាពការងារនឹងត្រូវអនុវត្តនៅឆ្នាំ២០១៩នេះ ដោយបើក២ដងក្នុងមួយឆ្នាំ ក៏ប៉ុន្តែបើតាមច្បាប់ការងារគឺ តម្រូវឲ្យម្ចាស់រោងចក្រ សងរំលោះប្រាក់អតីតភាពការងារជូនកម្មករ ។ ត្រង់ចំនុច បានធ្វើឲ្យរោងចក្របញ្ឈប់កម្មករដំបូងជាង១ពាន់នាក់។ ហើយរហូតមកដល់ពេលនេះគឺនៅសល់ ១២៧នាក់ ដែលមិនទាន់ត្រូវបានយកចូលធ្វើការវិញឡើយ ។
លោក ប៉ាវ ស៊ីណា បញ្ជាក់ថា «មកដល់ម៉ោងនេះ ខ្ញុំមើលឃើញថាអ្វីដែលកម្មករចង់បាន គឺចង់ត្រឹមតែឲ្យរោងចក្រ ទទួលយកកម្មករដែលត្រូវបានបញ្ឈប់ពីការងារឲ្យបានចូលធ្វើការងារទាំងអស់វិញ ដោយមិនបានទាមទារឲ្យម្ចាស់រោងចក្របើកប្រាក់អតីតភាពការងារជាកញ្ចប់សរុបពេញមួយឆ្នាំតែម្តងទៀតទេ» ។
យ៉ាងណាមិញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅក្រសួងការងារឲ្យសហការជាមួយភាគីរោងចក្រធ្វើការដោះស្រាយជាបន្ទាន់នូវរាល់វិវាទការងារ ជាពិសេសកុំឲ្យមានករណីថៅកែបញ្ឈប់កម្មករក្នុងរឿងវិវាទការងារឲ្យសោះ ដោយលោកលើកឡើងថា ការបញ្ឈប់នោះមិនមែនជាជម្រើសល្អឡើយសម្រាប់រោងចក្រ និងកម្មករ ៕
ប្រភព៖ kohsantepheapdaily