ក្រុមហ៊ុនចិនដែលបំពុលទឹកស្ទឹងសង្កែ ត្រូវប្ដូរទីតាំង និងរងពិន័យ ជាង ៤៦ម៉ឺនដុល្លារ
បាត់ដំបង៖ ក្រុមហ៊ុនចិនផលិតម្សៅដំឡូងមី សំបកគ្រាប់ថ្មាំ អេតាណុល ជីវគីមី និងសារធាតុបន្ថែមអាហារ ដែលបានបំពុលទឹកស្ទឹងសង្កែ នៅខេត្តបាត់ដំបង ត្រូវបានក្រសួងបរិស្ថានសម្រេចពិន័យជាទឹកប្រាក់ជាង ៤៦ម៉ឺនដុល្លារ និង ១៥០លានរៀល។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន។
ការពិន័យនេះ ដោយសារតែក្រសួងពាក់ព័ន្ធរកឃើញថា ក្រុមហ៊ុននេះ បានធ្វើឱ្យបែកធ្លាយសំណល់រាវ ឬ ទឹកកខ្វក់ មានសារធាតុពុល ហូរចូលក្នុងស្ទឹងសង្កែ កាលពីដើមខែសីហានេះ ដែលធ្វើឱ្យទឹកស្ទឹងសង្កែប្រែជាព័ណ៍ខ្មៅ និងធ្វើឱ្យងាប់ត្រីមួយចំនួន។ សេចក្ដីដំណឹងដដែលបន្ថែមថា ឆ្លើយតបទៅនឹងសកម្មភាពបង្កឱ្យមានការបំពុលបរិស្ថានខាងលើ និងដើម្បីទប់ស្កាត់នូវបញ្ហាបំពុល បរិស្ថានជាថ្មីទៀតពីដំណើរការផលិតកម្មរបស់ក្រុមហ៊ុន ក្រសួងបរិស្ថានសម្រេចដាក់ចេញនូវវិធានការចំពោះ ក្រុមហ៊ុន Phoenix Industrial Co., Ltd. ដូចខាងក្រោម ៖
១. តម្រូវឱ្យក្រុមហ៊ុនប្តូរទីតាំងរោងចក្រចេញពីតំបន់នេះ ទៅតំបន់ផ្សេងទៀតដែលនៅឆ្ងាយពីប្រភពទឹក ស្ទឹងសង្កែយ៉ាងតិច១០គីឡូម៉ែត្រ។
២. តម្រូវឱ្យក្រុមហ៊ុនផ្ដល់សំណងផលប៉ះពាល់បរិស្ថាន ដោយផ្ទាល់ (ការនេសាទនិងទិន្នផលនេសាទ ការផ្គត់ផ្គង់ទឹកស្អាត) ចំនួន ៩៣.៥៦០ (ប្រាំបួន ម៉ឺនបីពាន់ប្រាំរយហុកសិប) ដុល្លារអាមេរិក ដោយប្រយោល (ការបំពុលទឹកស្ទឹងស្ទឹងសង្កែ សុខភាពសាធារណៈ) ចំនួន ៣៧៥.០០០ ដុល្លារអាមេរិក។ ក្រុមហ៊ុនត្រូវមកបង់ប្រាក់សំណងផលប៉ះពាល់ខាងលើទៅកាន់គណនីយនៃគណៈកម្មាធិការ មូលនិធិបរិស្ថាននិងសង្គម ឱ្យបានរួចរាល់មុនថ្ងៃទី២០ខែតុលាឆ្នាំ២០២៣ជាកំហិត។
៣. ពិន័យអន្តរការណ៍ករណីមិនរាងចាល ចំនួន ១៥០លាន រៀល ក្រុមហ៊ុនត្រូវមកបង់ប្រាក់ពិន័យខាងលើនៅ ច្រកចេញ-ចូលតែមួយ នៃក្រសួងបរិស្ថាន ឱ្យបាន រួចរាល់មុន ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ជាកំហិត។
៤. តម្រូវឱ្យក្រុមហ៊ុនធ្វើការស្ដារបរិស្ថានឡើងវិញនៅក្នុង និងជុំវិញទីតាំងរោងចក្រឱ្យបានរួចរាល់មុន ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាកំហិត។
៥. ករណីក្រុមហ៊ុនប្រព្រឹត្តល្មើសនឹងចំណុចណាមួយខាងលើ ក្រសួងបរិស្ថាននឹងចាត់វិធានការតាម ផ្លូវតុលាការ និងច្បាប់ជាធរមាន…៕