ឃុំខ្លួនឧកញ៉ាពិភពដីមាសនិងគូកន៥ នាក់ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន
រាជធានីភ្នំពេញ ៖ លោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនឧកញ៉ាប្រធានក្រុមហ៊ុនពិភពដីមាស និងគូកន៥ នាក់ដាក់ពន្ធនាគារ PJ ជាបណ្តោះអា សន្ន បន្ទាប់ពីតំណាងអយ្យការបញ្ចប់ការស៊ើបសួរជាផ្លូវការរួច មក ។ ចំណែកសន្តិសុខ៨ នាក់តំណាងអយ្យការបានសម្រេចធ្វើការដោះលែងឲ្យមានសេរីភាពវិញ ដោយសំអាងហេតុមិនពាក់ពន្ធបទល្មើស ។
ជនត្រូវចោទទាំង៦ នាក់មាន ៖ ១-ឈ្មោះ ហ៊ី គឹមហុង ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបរ ជាប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់ក្រុមហ៊ុនពិភពដីមាសអ៊ិនវេសម៉ិនឯ.ក (ជាប់ចោទពីបទ.ឆបោក មានស្ថានទម្ងន់ទោស “ជាក្រុមមានការចាត់តាំង”) តាមបញ្ញត្តិមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ ។ ២-ឈ្មោះ លី សុវណ្ណារ៉ា ភេទប្រុស អាយុ៣៤ ឆ្នាំ, ៣-ឈ្មោះ កែ វិច្ឆិកា ភេទប្រុស អាយុ២៤ ឆ្នាំ, ៤-ឈ្មោះ ម៉ិច សុធារ៉ា ភេទប្រុស អាយុ២៦ ឆ្នាំ, ៥-ឈ្មោះ ឈឹម សុភា ភេទប្រុស អាយុ៤២ ឆ្នាំ, ៦-ឈ្មោះ ប៊ុត រ៉ី ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរ អ្នកទាំង៥ នាក់ ជាប់ចោទពីបទ.ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស) តាមបញ្ញត្តិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ។
សូមជម្រាបថា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំស២០២៣ វេលាម៉ោង៣ រសៀល កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងកងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌព្រែកព្នៅ បានចុះធ្វើការនាំខ្លួនឈ្មោះ ហ៊ី គឹមហុង នៅចំណុចសា្នក់ការ ក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក មានទីតាំងស្ថិតនៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស អំពើឆបោកមានស្ថានទម្ងន់ទោស (ក្រុមមានការចាត់តាំង) លើទឹកប្រាក់ចំនួន ៣៨៧,២០០ ដុល្លារអាមេរិក (សាមសិបប្រាំបីម៉ឺនប្រាំពីរពាន់ពីររយដុល្លារអាមេរិក) ប្រព្រឹត្តនៅចំណុចក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក មានទីតាំងស្ថិតនៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០២១ ,ឆ្នាំ២០២២ តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ លេខ ៣០៧ អយក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ចេញដោយ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ប៉ុន្តែពេលចុះទៅដល់ស្នាក់ការក្រុមហ៊ុនឈ្មោះ ហ៊ី គឹមហុង បានប្រើក្រុមសន្តិសុខ និងបុគ្គលិកក្រុមហ៊ុនរបស់ខ្លួនឲ្យធ្វើការរារាំងប្រឆាំង និងកម្លាំងសមត្ថកិច្ច ដែលចុះអនុវត្តដីកាបញ្ជាខាងលើ ដោយក្រុមសន្តិសុខ និងបុគ្គលិករបស់ក្រុមហ៊ុន បានប្រើអំពើហិង្សាវាយដំមកលើសមត្ថកិច្ចបណ្តាលឲ្យសមត្ថកិច្ចចំនួន៤ នាក់រងរបួស បន្ទាប់មកសមត្ថកិច្ចបានធ្វើការនាំខ្លួនឈ្មោះ ហ៊ី គឹមហុង និងក្រុមសន្តិសុខ បុគ្គលិករបស់ក្រុមហ៊ុនសរុបចំនួន១៤ នាក់ បញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវីធី៕